ប្រទេសអេស្ប៉ាញ និង ព័រទុយហ្គាល់ កំពុងជួប្រទះភាពវឹកវរក្រោយរងការដាច់អគ្គិសនីប្រើប្រាស់ទ្រង់ទ្រាយធំពាសពេញប្រទេស បណ្ដាលឱ្យដាច់ភ្លើងស្ដុបកកស្ទះចរាចរណ៍ពេញដងផ្លូវ ឯព្រលានយន្តហោះមួយចំនួនក៏ត្រូវបិទផ្អាកបណ្ដោះអាសន្ន បណ្ដាលឱ្យប្រទេសទាំងពីរនេះត្រូវដាក់ចេញការប្រកាសអាសន្ន នេះបើតាមការចេញផ្សាយពីសារព័ត៌មាន CNN។
ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនី Redes Ebergeticas Nacionais (REN) នៅព័រទុយហ្គាល់បាននិយាយថា អគ្គិសនីបានដាច់ពាសពេញឧបទ្វីប Iberian និង តាមផ្នែកខ្លះនៃប្រទេសបារាំង។ ការដាច់អគ្គិសនីទ្រង់ទ្រាយធំនេះដែរបានបង្កភាពចលាចលខ្លាំងពាសពេញប្រទេស ប៉ះពាល់មនុស្សប្រមាណ ៦០ លាននាក់។ ចំពោះមូលហេតុបណ្ដាលឱ្យមានការដាច់ភ្លើងនេះដែរគឺនៅមិនទាន់បានដឹងច្បាស់នៅឡើយនោះទេ។
យ៉ាងណាមិញ គិតត្រឹមយប់ថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៥ កន្លងទៅ ខាងក្រុមហ៊ុនអគ្គិសនីបានបញ្ជាក់ថា ភ្លើងបានដំណើរការវិញមួយចំនួនធំហើយក្នុងប្រទេសទាំងពីរខាងលើ។ អគ្គិសនីប្រមាណជាង ៨៧% បានដំណើរការវិញនៅប្រទេសអេស្ប៉ាញគិតត្រឹមព្រឹកថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៥ (ពេលវេលាក្នុងតំបន់)៕