កាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅ មហាជនជាច្រើនក្នុងប្រទេសឥណ្ឌាមានការភ្ញាក់ផ្អើលខ្លាំង ក្រោយទទួលដំណឹងថា តារាសម្ដែងស្រី Shefali Jariwala បានបាត់បង់ជីវិតភ្លាមៗក្នុងវ័យ ៤២ ឆ្នាំ។
តាមព័ត៌មានបានឱ្យដឹងថា Shefali Jariwala ត្រូវគេប្រទះឃើញស្លាប់ក្នុងផ្ទះនៅទីក្រុង Mumbai ដោយសង្ស័យថាគាំងបេះដូង។ តាមការបញ្ជាក់របស់ប៉ូលិស តារាស្រីរូបនេះគឺទម្លាប់ចាក់ថ្នាំរក្សាភាពចាស់រាប់ឆ្នាំមកហើយ រួមនឹងការប្រើប្រាស់ថ្នាំជំនួយថែមទៀត។
នៅទីតាំងកើតហេតុ អាជ្ញាធរក៏បានរកឃើញថ្នាំជំនួយឱ្យស្បែកស និង រក្សាភាពក្មេងវ័យចំនួន ២ ប្រអប់។ ថ្នាំទាំង ២ នោះមានផ្ទុកសារធាតុ glutathione និង វីតាមីន ហើយសារធាតុ glutathione នេះគឺខាងមន្ត្រីសុខាភិបាលឥណ្ឌាមិនអនុញ្ញាតឱ្យប្រើប្រាស់នោះឡើយ។ បន្ថែមពីនេះ តារាស្រី Jariwala ក៏ត្រូវបានឱ្យដឹងថាបានឆ្លងកាត់ការចាក់ថ្នាំជំនួយសម្រស់តាមសរសៃឈាម ព្រោះតែវិធីសាស្ត្រនេះជាវិធីសាស្ត្រថែសម្រស់ដ៏ពេញនិយម ធ្វើលឿន និង ឆាប់ទទួលបានផល។
យ៉ាងណាមិញ បើទោះជារបាយការណ៍កោសល្យវិច័យចុងក្រោយនៅកំពុងដំណើរការក៏ដោយ តែតាមលទ្ធផលដំបូងបង្ហាញថា នាង Shefali ធ្លាក់សម្ពាធឈាមខ្លាំងមុនស្លាប់ ដែលនេះជាសញ្ញាទូទៅនៃជំងឺគាំងបេះដូង។
មរណភាពភ្លាមៗរបស់នាង បានធ្វើឱ្យអ្នកគាំទ្រ និង ក្រុមគ្រូពេទ្យជាច្រើនតក់ស្លុតខ្លាំង រួមទាំងបង្ហាញក្ដីបារម្ភកាន់តែខ្លាំងចំពោះការប្រើប្រាស់ថ្នាំរក្សាសម្រស់ជ្រុល ជាពិសេសយុវវ័យក្មេងៗដែលតែងតែចង់បានរាងកាយល្អឥតខ្ចោះ និង ស្បែកស្រស់ថ្លាម៉ត់រលោង៕
ប្រភព៖ Kenh14