ថ្មីៗនេះ នៅតាមបណ្ដាញសង្គមមានការផ្ទុះផ្អើល និង ចែកចាយជាខ្លាំងនូវព័ត៌មានប្រកាសថាតារាសម្ដែងប្រុសជួរមុខ Lee Minho និង កំពូលតារាសម្ដែងស្រី Song Hye Kyo រៀបការជាមួយគ្នា រហូតធ្វើឱ្យអ្នកគាំទ្រ និង មហាជនជាច្រើនភ្ញាក់ផ្អើលខ្លាំង និង ថែមទាំងជឿលើពាក្យចចាមអារ៉ាមនោះរហូតនាំគ្នាចែករំលែកបន្តព្រោងព្រាត បង្ហាញការអបអររំភើបជំនួសតារាមួយគូនោះទៀតផង។
យ៉ាងណាមិញ ពាក្យចចាមអារ៉ាមដែលកំពុងផ្ទុះចែកចាយដូចទឹកបាក់ទំនប់នេះដែរបានត្រឹមតែធ្វើឱ្យអ្នកគាំទ្ររបស់កំពូលតារាសម្ដែងទាំងពីររំភើបអរត្រឹមមួយឆាវប៉ុណ្ណោះ ព្រោះថាព័ត៌មានដែលផ្ទុះចែកចាយទាំងនោះគឺមិនមែនជាការពិតនោះឡើយ។
ពាក្យចចាមអារ៉ាមទាំងប៉ុន្មានមិនមានប្រភពច្បាស់លាស់ មានត្រឹមតែការចែកចាយបន្តតាមគ្នា ខាងភ្នាក់ងាររបស់តារាទាំងពីរក៏មិនបានចេញមកបញ្ជាក់ផ្លូវការ និង ជាងនេះទៅទៀតនោះ បណ្ដាសារព័ត៌មានល្បីៗនៅកូរ៉េក៏មិនមានបានចេញផ្សាយពីទំនាក់ទំនងស្នេហារបស់ Lee Minho និង Song Hye Kyo ដូចដែលការបង្ហោះដោយគ្មានប្រភពបញ្ជាក់ច្បាស់លាស់តាមបណ្ដាញសង្គមនាពេលថ្មីៗនេះផងដែរ។
ដូច្នេះហើយ តារាសម្ដែង Lee Minho និង Song Hye Kyo គឺនៅតែរក្សាទំនាក់ទំនងជាមិត្តរួមអាជីពធម្មតា មិនទាន់ឈានដល់ទំនាក់ទំនងស្នេហា និង ថែមទាំងចាប់ដៃគ្នារៀបការដូចចចាមអារ៉ាមដែលបានលើកឡើងនោះឡើយ៕