កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅ សារព័ត៌មាន The Hollywood Reporter បានចេញផ្សាយថា តុក្កតា Labubu ដ៏ល្បីល្បាញលើពិភពលោក បានលេចឮដំណឹងថា តុក្កតាមួយនេះអាចនឹងផលិតចេញជាសាច់រឿងចាក់បញ្ចាំងក្នុងរោងកុននាពេលអនាគតខាងមុខ។


ដំណឹងលេចឮនេះបានផ្ទុះផ្អើលឡើង ក្រោយក្រុមហ៊ុនកុន Sony Pictures បានចុះកិច្ចព្រមព្រៀងរួចរាល់កាលពីពេលថ្មីៗកន្លងទៅ ដើម្បីផលិតខ្សែភាពយន្តមួយតាមតុក្កតាធ្មេញបិសាច Labubu នេះ។ យ៉ាងណាមិញ នេះគឺស្ថិតក្នុងដំណាក់កាលដំបូងប៉ុណ្ណោះ ដោយសាច់រឿងនៃតុក្កតា Labubu នេះ មិនទាន់មានការបញ្ជាក់លម្អិតបន្ថែម ថានឹងផលិតជាប្រភេទ live action ឬក៏ជា animation នោះឡើយ។


គួររំឭកថា តុក្កតាដ៏ល្បី Labubu ត្រូវបានបង្កើតឡើងដោយសិល្បករជនជាតិហុងកុងម្នាក់ឈ្មោះ Kasing Lung និង បានដាក់លក់ក្នុងក្រុមហ៊ុន Pop Mart របស់លោក Wang Ning ក្នុងឆ្នាំ ២០១៩។ ដោយឡែក សន្ទុះទីផ្សារនៃតុក្កតាមួយនេះគឺហក់ឡើងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយ Labubu កំពុងបោកបក់ដូចព្យុះទៅក្នុងវិស័យជាច្រើន ជាពិសេស ឧស្សាហកម្មហ្វេហ្សិនប្រណីត វប្បធម៌តារាល្បីៗ និង អាជីវកម្មចម្រុះតូចធំរហូតដល់ខ្នាតយក្ស៕



ប្រភព៖ Inquirer.Net