កាលពីថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅ ភ្នំភ្លើងសកម្មមួយនៅប្រទេសឥណ្ឌូនេស៊ីបានផ្ទុះឡើងយ៉ាងខ្លាំងក្លា ជះបណ្ដុំផេះយ៉ាងខ្មួលខ្មាញ់ដូចផ្សិតឡើងលើអាកាស បណ្ដាលឱ្យជើងហោះហើរជាច្រើនទាំងទៅ និង មក ពីកោះបាលី ត្រូវបានលុបចោលវិញភ្លាមៗ។
តាមការបញ្ជាក់ពីទីភ្នាក់ងារភូមិសាស្ត្រប្រទេសឥណ្ឌូនេស៊ី ភ្នំភ្លើង Lewotobi Laki Laki បានផ្ទុះឡើងកាលពីវេលាម៉ោង ៥ និង ៣៥ នាទីល្ងាចថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៥ (ពេលវេលាក្នុងតំបន់) ដោយបញ្ចេញសាយភាយបណ្ដុំផេះយ៉ាងច្រើនឡើងទៅលើអាកាសក្នុងរយៈកម្ពស់រហូតដល់ ១១ គីឡូម៉ែត្រ។
តាមរូបភាព និង វីដេអូស្ដែងៗក្នុងហេតុការណ៍គ្រោះធម្មជាតិដ៏គួរឱ្យតក់ស្លុតខាងលើ បានបង្ហាញឱ្យឃើញបណ្ដុំផេះពណ៌ទឹកក្រូចលូតដូចផ្សិតឡើងលើអាកាសគ្របដណ្ដប់ភូមិ Talibura ក្បែរនោះ ដោយក្នុងស្ថានភាពដ៏គ្រោះថ្នាក់នេះខាងអាជ្ញាធរបានដាក់ចេញការប្រកាសអាសន្នភ្លាមៗដល់កម្រិតខ្ពស់បំផុត និង ណែនាំដល់ភ្ញៀវទេសចរទាំងអស់ឱ្យនៅឱ្យឆ្ងាយពីទីតាំងភ្នំភ្លើង។
ស្របគ្នានោះដែរ ជើងហោះហើរជាច្រើនក៏ត្រូវបានលុបចោលនៅកោះបាលី ដោយក្នុងនោះរួមមានជើងហោះហើរក្នុងស្រុកទៅក្រុង Jakarta និង Lombok ក៏៏ដូចជាជើងហោះហើរទៅក្រៅប្រទេសដូចជា អូស្ត្រាលី ចិន ឥណ្ឌា ម៉ាឡេស៊ី ណូវែលហ្សេឡង់ និង សិង្ហបុរី ខណៈជើងហោះហើរមួយចំនួនពីសិង្ហបុរីក៏បានលុបចោលការហោះហើរទៅបាលីដូចគ្នា ដោយសារតែការប៉ះពាល់ពីបន្ទុះភ្នំភ្លើងនេះ៕
ប្រភព៖ CNN