កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅ នៅលើបណ្ដាញសង្គម Weibo ពាក្យគន្លឹះ «Jay Chou Macau» បានក្លាយជាពាក្យ trend លេខ ១ ដែលមានអ្នករកមើលច្រើនជាងគេ។ ការផ្ទុះផ្អើលលើ Weibo នេះដែរ កើតមានក្រោយចចាមអារ៉ាមមួយបានផ្អើលឡើងថា កំពូលតារាចម្រៀងចិន Jay Chou បានលេងល្បែងនៅម៉ាកាវរហូតចាញ់បោសខោអស់ទ្រព្យរហូតដល់រាប់រយលានដុល្លារ។
ដើមហេតុនៃការផ្ទុះផ្អើលចចាមអារ៉ាមនេះកើតចេញពីសារព័ត៌មានរបស់ប្រទេសចិនមួយដែលបានចេញផ្សាយថា តារាប្រុសល្បីលំដាប់ A ម្នាក់បានចាញ់អស់ទ្រព្យ ១.០៣ ពាន់លានយ័ន (ប្រមាណជាង ១៤១ លានដុល្លារ) ក្រោយចាយពេលមួយសប្ដាហ៍លេងល្បែងស៊ីសងនៅកាស៊ីណូ Wynn Palace នៅម៉ាកាវ។ សារព័ត៌មាននោះលើកឡើងទៀតថា តារារូបនោះបានដាក់បញ្ចាំផ្ទះប្រណីតរបស់លោកចំនួន ៣ ខ្នង រួមទាំងយន្តហោះឯកជនមួយទៀតដើម្បីរ៉ាប់រងបំណុលល្បែងទៀតផង រហូតធ្វើឱ្យមហាជនចិនជាច្រើនបានដាក់ការសង្ស័យថា តារាប្រុសលំដាប់ A រូបនោះអាចជាតារាចម្រៀង Jay Chou។
ក្រោយប្រធានបទមួយនេះនៅផ្ទុះគគុកខ្លាំងលើបណ្ដាញសង្គមប្រទេសចិន ខាងផលិតកម្មរបស់លោក JVR Music ក៏បានចេញសេចក្ដីប្រកាសឆ្លើយតបជុំវិញចចាមអារ៉ាមនោះដែរថា៖ «ប្រធានបទក្ដៅលើ Weibo ថ្ងៃនេះ ពាក់ព័ន្ធនឹងតារាប្រុសលំដាប់ A ញៀនលេងល្បែងស៊ីសងនៅម៉ាកាវដែលមហាជនមួយចំនួនដាក់ការសង្ស័យថាតារានោះជា Jay Chou នោះ ពួកយើងសុំមកបញ្ជាក់ថា ពាក្យចចាមអារ៉ាមទាំងនេះគឺមិនមានពាក់ព័ន្ធនឹង Jay Chou នោះឡើយ។ ពួកយើងសុំឱ្យគ្រប់គ្នាឈប់បន្តចែកចាយព័ត៌មានមិនពិតនេះតទៅទៀត»៕
ប្រភព៖ 8days