សត្វសុនខមួយក្បាល បានក្លាយជានិមិត្តរូបនៃភាពក្លាហាន និង ស្មោះស្ម័គ្រចំពោះម្ចាស់ ក្រោយវាបានរត់ទៅការពារក្រុមគ្រួសារម្ចាស់របស់ខ្លួនដោយមិនគិតពីគ្រោះថ្នាក់ខ្លួនឯង អំឡុងពេលកើតមានគ្រោះរញ្ជួយដីខ្លាំងក្លានៅប្រទេសហ្វីលីពីនកាលពីពេលថ្មីៗកន្លងទៅ។
សុនខដ៏ក្លាហានមួយក្បាលនោះមានឈ្មោះថា Luke អាយុ ៤ ឆ្នាំ ជាសុនខពូជស្រុក។ បើតាមអង្គការ Hope for Strays បានឱ្យដឹងថា នៅពេលដែលផ្ទះក្រុមគ្រួសារម្ចាស់របស់ Luke បានចាប់ផ្ដើមដួលរលំដោយសារគ្រោះរញ្ជួយដី ៦.៩ រ៉ិចទ័រ កាលពីយប់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅនោះ Luke គឺមិនបានភ័យស្លន់រត់គេចខ្លួនតាមញាណជាសត្វនោះឡើយ ប៉ុន្តែវាបែរជារត់តម្រង់ទៅធ្វើជាខែលពាំងម្ចាស់របស់ខ្លួនកុំឱ្យកម្ទេចផ្ទះសង្កត់លើទៅវិញ។
តាមសារព័ត៌មាន Inquirer បានបញ្ជាក់ដែរថា ដោយសារតែទង្វើដ៏ហានក្លារបស់ឆ្កែដ៏ស្មោះត្រង់មួយក្បាលនេះហើយ បានជួយសង្គ្រោះជីវិតក្រុមគ្រួសារម្ចាស់របស់វ ដោយពួកគេត្រឹមរងរបួសស្រាលប៉ុណ្ណោះ។ យ៉ាងណាមិញ សម្រាប់ Luke គឺមិនសំណាងដូចម្ចាស់ឡើយ ដោយមួយកំណាត់ខាងក្រោមនៃរាងកាយរបស់វាគឺត្រូវបានកម្ទេចថ្មសង្កត់លើរហូតមិនអាចងើបដើរបានឡើយ ពេលដែលក្រុមសង្គ្រោះប្រទះឃើញវា។
រយៈពេល ២ ថ្ងៃក្រោយគ្រោះរញ្ជួយដី នៅវេលាម៉ោងប្រមាណ ១០ កន្លះយប់ថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០២៥ ក្រុមសង្គ្រោះបានរកឃើញ Luke នៅក្រោមគំនរផ្ទះដែលរលំក្នុងសភាពខ្សោយ និង ឈឺចាប់។ វាត្រូវបានបញ្ជូនទៅគ្លីនីកសត្វក្នុងក្រុង Danao ភាគខាងជើងខេត្ត Cebu ដើម្បីសង្គ្រោះព្យាបាល។ ទៅដល់មន្ទីរពេទ្យ Luke ទទួលការសង្គ្រោះភ្លាមៗដោយក្នុងនោះរួមមានទាំងការថត X-rays និង តេស្តផ្សេងៗដើម្បីឱ្យដឹងច្បាស់ពីទំហំរបួសរបស់វា។ មកដល់ថ្ងៃទី ០៥ ខែតុលា ក្រុមគ្រូពេទ្យបានប្រាប់ពីស្ថានភាពរបស់ Luke ថា Luke គឺស៊ីចំណីបានធម្មតា និង សុខភាពក៏ល្អប្រសើរវិញដែរ ប៉ុន្តែអ្វីដែលពួកគេនៅបារម្ភ និង បន្តតាមដានគឺត្រង់សរសៃអាងត្រគាករបស់វាដែលប៉ះពាល់ខ្លាំងដោយការប៉ះទង្គិច៕