អ្នកជំនាញផ្នែកវេជ្ជសាស្ត្រ បានលើកឡើងថា ការអង្គុយនោម គឺជួយបន្ធូរសាច់ដុំអាងត្រគាក ជួយលើបញ្ហារីកធំនៃក្រពេញប្រូស្តាត និង កាត់បន្ថយហានិភ័យនៃអនាម័យមិនល្អបាន។ លោក Gerald Collins អ្នកជំនាញផ្នែក urologist ប្រចាំមន្ទីរពេទ្យ Alexandra នៅចក្រភពអង់គ្លេស បាននិយាយថា ការនោមអង្គុយគឺជួយឱ្យបុរសៗអាចនោមបានល្អ ព្រោះតែវាជួយបន្ធូរសាច់ដុំអាងត្រគាក និង ឆ្អឹងខ្នង ជួយឱ្យដំណើរការបញ្ចេញចោលមានភាពងាយស្រួល រលូនល្អ។
តាមរបាយការណ៍ស្រាវជ្រាវរបស់ YouGov ក្នុងឆ្នាំ ២០២៣ ដែលផ្នែកលើការវាយតម្លៃបុរសៗនៅ ១៣ ប្រទេស បានរកឃើញថា ៤០% នៃបុរសៗក្នុងប្រទេសអាល្លឺម៉ង់ និង ១០% ប្រុសៗអាមេរិក មានទម្លាប់អង្គុយនោម។ តាមលោក Collins ដដែលបានបន្ថែមឱ្យដឹងទៀតថា ការអង្គុយនោម គឺជួយជាពិសេសសម្រាប់មនុស្សប្រុសវ័យចំណាស់ ឬអ្នកដែលមានក្រពេញប្រូស្តាតរីកធំ ព្រោះថាវាជួយសម្រួលដំណើរការបញ្ចេញចោល។ ជាមួយគ្នានោះ បើតាមការស្រាវជ្រាវពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Leiden University Medical Center នៅប្រទេសហូរឡង់ ឯណោះវិញ ក៏បង្ហាញឱ្យឃើញដែរថា ការអង្គុយចុះហើយនោមគឺជួយឱ្យនោមមកអស់ៗ និង បានលឿនជាងការឈរនោម។
យ៉ាងណាមិញ ការវាយតម្លៃខាងលើនេះក៏បានបង្ហាញដែរថា មនុស្សប្រុសវ័យចំណាស់ភាគច្រើនគឺមិនគាំទ្រទម្លាប់អង្គុយនោមដូចប្រុសៗក្មេងៗឡើយ ដោយសារពួកគេគិតថាការឈរនោមគឺបង្ហាញភាពជាបុរសពិតៗ។ ជាក់ស្ដែង នៅអាមេរិក មនុស្សប្រុសអាយុលើស ៥៥ ឆ្នាំ ចំនួន ៣៥% បាននិយាយថា ពួកគេគឺមិនដែលនោមអង្គុយឡើយ ខណៈយុវជនអាយុចន្លោះ ១៨ ទៅ ២៤ ឆ្នាំ គិតបែបនេះត្រឹម ២១%។
ដោយឡែក នៅអាល្លឺម៉ង់វិញ កាលពីមុន ការនោមអង្គុយគឺត្រូវគេចំអន់ថាជាមនុស្សប្រុសទន់ខ្សោយ ប៉ុន្តែនៅទសវត្សរ៍ថ្មីៗនេះ ផ្នត់គំនិតរបស់ពួកគេត្រូវបានផ្លាស់ប្ដូរ ដោយបន្ទប់ទឹកសាធារណៈជាច្រើនគឺបានលើកស្លាកស្នើឱ្យបុរសៗកុំឈរនោម ដើម្បីរក្សាអនាម័យឱ្យបានល្អ៕