នៅព្រឹកថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០២៥ នេះ មានករណីអគ្គិភ័យមួយឆាបឆេះឃ្លាំងមួយកន្លែងជិតផ្លូវប្រសព្វសណ្ឋាគារ Kameo Hotel នៅស្រុក Noen Phra សង្កាត់ Mueang ខេត្ត Rayong ប្រទេសថៃ។ តាមវីដេអូស្ដែងៗថតនៅពេលកើតហេតុ បង្ហាញឱ្យឃើញភ្លើងឆាបឆេះខ្លាំង ជះផ្សែងខ្មៅខ្មួលខ្មាញ់បាញ់ឡើងលើអាកាស បណ្ដាលឱ្យពលរដ្ឋ និង អ្នករត់ម៉ូតូឌុបនៅតំបន់នោះ ភ័យស្លន់នាំគ្នារត់ប្រសាចជើងគ្នា។
ភ្លាមៗ ក្រុមមន្ត្រីការពារ និង ទប់ស្កាត់គ្រោះមហន្តរាយ រួមទាំងរថយន្តពន្លត់អគ្គិភ័យជាច្រើន បានចុះទៅដល់ទីតាំងកើតហេតុដើម្បីពន្លត់ភ្លើង។ ជាមួយគ្នានោះ ប៉ូលិសក៏បានធ្វើការបិទផ្លូវជុំវិញកន្លែងកើតហេតុបណ្ដោះអាសន្នដើម្បីការពារសុវត្ថិភាពផងដែរ។
បច្ចុប្បន្ន មូលហេតុបណ្ដាលឱ្យមានអគ្គិភ័យឆាបឆេះនេះនៅមិនទាន់ដឹងនៅឡើយទេ ហើយក៏មិនទាន់មានរបាយការណ៍បញ្ជាក់ពីអ្នករបួស ឬស្លាប់ដែរ៕
ប្រភព៖ Khaosod English