យ៉ាងហោចណាស់សត្វត្រីបាឡែនចំនួន ៤ ក្បាលត្រូវបោកទើរមកលើច្រាំង ត្រឹមប៉ុន្មានម៉ោងក្រោយគ្រោះរញ្ជួយដីកំណាច ៨.៨ រ៉ិចទ័រវាយប្រហារឧបទ្វីប Kamchatka នៅរុស្ស៊ី ជះឥទ្ធិពលដល់ប្រទេសជប៉ុន សហរដ្ឋអាមេរិក និង បណ្ដាប្រទេសជាច្រើនទៀតនៅប៉ាស៊ីហ្វិក ដាក់ចេញការប្រកាសអាសន្នភ្លាមៗពីរលកយក្សស៊ូណាមិ។
ថ្មីៗនេះ សារព័ត៌មានជប៉ុន NHK បានចេញផ្សាយវីដេអូមួយបង្ហាញឱ្យឃើញសត្វត្រីបាឡែនប្រមាណជា ៤ ក្បាលបានជាប់គាំងទើរលើច្រាំងនាឈូងសមុទ្រក្រុង Tateyama ខេត្ត Chiba។ ព្រមជាមួយគ្នានោះ ខាងព័ត៌មានក៏បាន update ពីការប្រកាសអាសន្ននៅតាមតំបន់ជាច្រើន និង ប្រាប់ឱ្យប្រជាពលរដ្ឋធ្វើការជម្លៀសខ្លួនទៅកាន់កន្លែងមានសុវត្ថិភាពជាបន្ទាន់។
គួរឱ្យដឹងថា ក្រោយការប្រកាសអាសន្នពីរលកយក្សស៊ូណាមិបានធ្វើឡើងនៅព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥ (ពេលវេលាក្នុងតំបន់) រលកស៊ូណាមិដំបូងកម្ពស់ប្រមាណ ៣០ សង់ទីម៉ែត្រក៏បានវាយប្រហារក្រុងមួយនៅកោះ Hokkaido នាវេលាម៉ោងប្រមាណជា ១០ និង ៤០ នាទីព្រឹក។
គួរបញ្ជាក់ផងដែរថា សត្វត្រីបាឡែនជាធម្មតាកម្រនឹងប៉ះពាល់ដោយរលកស៊ូណាមិណាស់ក៏ព្រោះតែពួកវារស់នៅជ្រៅក្នុងសមុទ្រ ប៉ុន្តែដោយសារតែបម្រែបម្រួលនីវ៉ូទឹកសមុទ្រ និង ចរន្តក្បែរច្រាំងសមុទ្រភ្លាមៗ បានបណ្ដាលឱ្យទឹកហូរនាំពួកវាមកជាប់គាំងបណ្ដោះអាសន្ន ស្របពេលរលកស៊ូណាមិកំពុងវាយប្រហារឆ្ពោះមកលើគោក៕