ថ្មីៗនេះ ប្រទេសរុស្ស៊ីបានរកឃើញវីរុសអាថ៌កំបាំងមួយដែលកំពុងមានការផ្ទុះឆ្លងលើប្រជាពលរដ្ឋរបស់ខ្លួន ដោយធ្វើឱ្យអ្នកជំងឺមានអាការក្អកចេញឈាម និង ក្ដៅខ្លួនរហូតដល់ ៣៩ អង្សា ហើយអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺពេលតេស្តរករោគផ្ដាសាយ ឬកូវីដ-១៩ លទ្ធផលចេញមកគឺអវិជ្ជមានទាំងអស់។

បច្ចុប្បន្ន មិនទាន់មានចំនួនច្បាស់ការទម្លាយបញ្ជាក់ថាមានអ្នកកើតជំងឺអាថ៌កំបាំងនេះប៉ុន្មាននាក់នោះទេ គ្រាន់តែដឹងថាអ្នកកើតជំងឺនោះមិនត្រូវបានដាក់ព្យាបាលដាច់ដោយឡែកនោះឡើយ។ តាមព័ត៌មានបានឱ្យដឹងថា អ្នកដែលកើតជំងឺអាថ៌កំបាំងនេះ អាការដំបូងចាប់ផ្ដើមធ្លាក់ខ្លួនចុះខ្សោយ ហើយមានការឈឺចុកចាប់ពេញរាងកាយ ប៉ុន្តែប៉ុន្មានថ្ងៃក្រោយមក ស្ថានភាពជំងឺនឹងកាន់តែអាក្រក់ទៅៗដោយពួកគេអាចក្ដៅខ្លួនដល់ ៣៩ អង្សា ដេកលើគ្រែក្រោកទៅណាមិនរួច និង មានការក្អកមកចេញឈាមថែមទៀត។

ក្រុមគ្រូពេទ្យនៅរុស្ស៊ី នៅមិនទាន់បានរកឃើញមូលហេតុបង្កឱ្យកើតមានជំងឺបែបនេះ ឬជំងឺនេះកើតចេញពីវីរុសអ្វីនៅឡើយទេ ដោយខាងអ្នកជំនាញកំពុងបន្តតាមដានស្រាវជ្រាវលើករណីថ្មីៗ ដើម្បីស្វែងរកប្រភពជំងឺ និង ស្វែករកវិធីសាស្ត្រព្យាបាល។ គួរបញ្ជាក់ថា កាលពីថ្មីៗកន្លងទៅ ប្រធានអង្គការសុខភាពពិភពលោកប្រចាំការិយាល័យនៅរុស្ស៊ី លោក Batyr Berdyklychev បានចេញការព្រមានពីហានិភ័យខ្ពស់នៃការផ្ទុះឆ្លងជំងឺថ្មីដែលបណ្ដាលមកពីការបំប្លែងមីក្រូសរីរាង្គ ហើយថែមទាំងសង្កត់ធ្ងន់ថាវាចាំបាច់ក្នុងការត្រៀមខ្លួនទុកជាមុនទាំងថ្នាក់ជាតិ និង កម្រិតអន្តរជាតិ៕

ប្រភព៖ Kenh14