ថ្មីៗនេះ មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយកើតឡើងនៅភាគខាងជើងប្រទេសថៃ ដោយហាងលក់ចាប់ហួយមួយកន្លែងត្រូវដំរីឈ្មោលដ៏ធំមួយក្បាលចូលលុកលុយស៊ីនំអស់មួយឆ្អែតមុនដើរចេញទៅក្រៅវិញយ៉ាងរំភើយ។
សកម្មភាពរបស់ដំរីព្រៃមួយក្បាលនេះដែរបានផ្ទុះផ្អើលខ្លាំងតាមបណ្ដាញសង្គមក្នុងប្រទេសថៃ ក្រោយហ្វេសប៊ុកផេកមួយឈ្មោះ «Here is Khao Yai» បានបង្ហោះវីដេអូកាលពីរសៀលថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅ ដោយបង្ហាញឱ្យឃើញដំរីឈ្មោលដ៏ធំដំបងដែលអ្នកស្រុកឱ្យឈ្មោះថា Plai Biang Lek បានដើរចូលទៅក្នុងហាងលក់ចាប់ហួយរបស់ពលរដ្ឋក្នុងតំបន់ លួចស៊ីនំយ៉ាងសេរីមុនដើរចេញទៅខាងក្រៅវិញ។
ហាងលក់ចាប់ហួយដែលដំរីចូលអុកឡុកនោះដែរស្ថិតនៅសង្កាត់ Pak Chong ខេត្ត Nakhon Ratchasima ដោយទីនោះជាញឹកញាប់តែងមានដំរីព្រៃចូលអុកឡុកភូមិស្រុកស្វែងរកចំណីអាហារ។ ខណៈដំរីព្រៃចូលស្រុកមិនមែនជារឿងចម្លែក ប៉ុន្តែការដើរចូលក្នុងហាងលក់ទំនិញរបស់ពលរដ្ឋគឺចាត់ទុកជារឿងដ៏កម្រ។
គួរឱ្យដឹងផងដែរថា Plai Biang Lek បានក្លាយជាសត្វដ៏ល្បីប្រចាំតំបន់ Khao Yai ដោយសារតែវត្តមានចូលភូមិស្រុកដ៏ញឹកញាប់របស់វា៕
ប្រភព៖ SCMP