ថ្មីៗនេះ វីដេអូមួយបង្ហោះលើបណ្ដាញសង្គមកំពុងធ្វើឱ្យមហាជនជាច្រើនផ្ទុះការវែកញែកជាខ្លាំង ដោយវីដេអូបានថតជាប់នារីម្នាក់កំពុងប្រើប្រាស់បារីអេឡិចត្រូនិចក្នុងកាប៊ីនយន្តហោះ ជក់ផ្លុំបង្ហុយផ្សែងយ៉ាងរំភើយគ្មានខ្វាយខ្វល់ពីការប៉ះពាល់ដល់អ្នកដំណើរដទៃសោះឡើយ។
លើសពីនេះ អ្នកដែលថតវីដេអូខាងលើក៏បានថតបង្ហាញពីគោលការណ៍របស់ជើងហោះហើរដែលលើកបញ្ជាក់ច្បាស់ៗថា ការប្រើប្រាស់ថ្នាំជក់ និង បារីអេឡិចត្រូនិចគឺត្រូវបានហាមប្រាមលើរាល់យន្តហោះទាំងអស់។ យ៉ាងណាមិញ មិនយូរប៉ុន្មានខាងបុគ្គលិកលើយន្តហោះក៏ប្រទះឃើញនារីដែលជក់បារីនោះ រួចក៏ដកហូតបារីនោះទុក។
គួរបញ្ជាក់ផងដែរថា ហេតុការណ៍ខាងលើបានកើតមានឡើងលើជើងហោះហើររបស់ក្រុមហ៊ុន Jetstar ដែលហោះចេញពីសិង្ហបុរីឆ្ពោះទៅក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ។ ក្រោយវីដេអូបង្ហោះចែកចាយ មានមហាជនជាច្រើនបានបង្ហាញការងឿងឆ្ងល់ថា ហេតុអ្វីនារីរូបនោះអាចយកបារីអេឡិចត្រូនិចឡើងលើយន្តហោះបាន តើការត្រួតពិនិត្យនៅព្រលានរកមិនឃើញទេឬយ៉ាងណា?
ជាការឆ្លើយតបនឹងបញ្ហានេះ ខាងអ្នកតំណាងក្រុមហ៊ុន Jetstar Asia ក៏បានចេញមកបញ្ជាក់ថា៖ «ការជក់បារី មិនថាបារីធម្មតា ឬ អេឡិចត្រូនិច ឬការដុតថ្នាំជក់ គឺត្រូវបានហាមប្រាមលើរាល់ជើងហោះហើរនៃយន្តហោះ Jetstar។ បុគ្គលិកបម្រើការលើយន្តហោះរបស់យើងក៏បានដកហូតបារីអេឡិចត្រូនិចរបស់អ្នកដំណើររូបនោះ រួមទាំងរាយការណ៍ករណីនេះទៅកាន់អាជ្ញាធរក្នុងតំបន់ផងដែរ។ សុវត្ថិភាពគឺជាកាតព្វកិច្ចចម្បងរបស់ពួកយើង ហើយទង្វើបែបនេះនឹងមិនត្រូវបានលើកលែងឱ្យនោះឡើយ»៕