ស្ត្រីម្នាក់នៅខេត្ត Zhejiang ប្រទេសចិន ថ្មីៗនេះបានទម្លាយរឿងរ៉ាវដែលប៉ះពាល់សុខភាពនាងអស់មួយជីវិត ដោយរូបនាងបានឆ្លងជំងឺ Herpes ក្រោយនាងដាក់មាត់ក្បែរក្បាលមេក្រូពេពេក ពេលទៅកន្លែងខារ៉ាអូខេច្រៀងលេងកាលពីឆ្នាំ ២០១៧ កន្លងទៅ។
គិតមកទល់ពេលនេះរយៈពេល ៨ ឆ្នាំហើយ តែស្ត្រីខាងលើនៅតែរស់នៅជាមួយជំងឺនេះដដែល។ គួរឱ្យដឹងថា ជំងឺ Herpes ជាជំងឺមួយប្រភេទដែលគ្មានថ្នាំព្យាបាលនោះឡើយ តែយ៉ាងណាថ្នាំមួយចំនួនដូចជា Acyclovir និង Valacyclovir អាចជួយកាត់បន្ថយអាការបានខ្លះ។
ស្ត្រីជាអ្នកជំងឺខាងលើ ដំបូងឡើយគឺមិនបានដឹងថាខ្លួនឆ្លងជំងឺមួយនេះឡើយរហូតទាល់តែមានចេញពងបែកជុំវិញមាត់។ ពេលនោះដែរ នាងបានប្រើថ្នាំបំបាត់រលាកពងបែកមាត់ដោយមិនគិតថាជាបញ្ហាធ្ងន់ធ្ងរ រហូតដល់អាការនាងបន្តកើតឡើងវិញមិនឈប់ទើបគ្រូពេទ្យបញ្ជាក់ថា នាងបានឆ្លងជំងឺ Herpes។
រយៈពេល ៨ ឆ្នាំមកនេះ ពងបែកនៅតែបន្តកើតមានឡើងជុំវិញមាត់ និង ច្រមុះរបស់នាង ហើយថ្មីៗនេះទៀតសោតមេរោគក៏បានរាលដាលដល់ថ្ពាល់របស់នាងទៀត។ នាងចេញមកចែករំលែកបទពិសោធរបស់ខ្លួនឯងលើបណ្ដាញសង្គមនេះដើម្បីជាការដាស់តឿនគ្រប់គ្នាឱ្យប្រុងប្រយ័ត្នខ្លួន ជៀសវាងកើតមានជំងឺជាប់ខ្លួនព្យាបាលមិនបានដូចជានាង។
ជំងឺ Herpes ជាជំងឺម្យ៉ាងដែលបង្កឡើងដោយវីរុស HSV-1 និង HSV-2។ ជំងឺនេះដែរឆ្លងតាមរយៈការប៉ះផ្ទាល់ តាមរយៈទឹកមាត់ ឬតាមការរួមភេទ។ រោគសញ្ញាមានដូចជា ការចេញរមាស់ ពងបែកតូចៗបណ្ដុំៗលើមាត់ ដៃជើង ឬប្រដាប់ភេទ ហើយជំងឺនេះដែរគ្មានថ្នាំព្យាបាលនោះឡើយពោលគឺវារស់នៅក្នុងខ្លួនអ្នកជំងឺអស់មួយជីវិត៕