កាលពីព្រឹកថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅ (ពេលវេលាក្នុងតំបន់) ប៉ូលិសក្នុងក្រុង Iskandar Puteri រដ្ឋ Johor ប្រទេសម៉ាឡេស៊ី បានទទួលទូរស័ព្ទប្ដឹងពីបុរសក្នុងតំបន់ម្នាក់ថាមិត្តរបស់ខ្លួនបានរងរបួសធ្ងន់ត្រង់តំបន់សំខាន់ដោយសារតែស្នាដៃមិត្តស្រីរបស់គេ។
តាមការរៀបរាប់ បុរសរងគ្រោះជាជនជាតិបង់ក្លាដេស ត្រូវគូស្នេហ៍របស់គេទាញកាំបិតកាត់ប្រដាប់ភេទចោល ព្រោះតែមិនពេញចិត្តនឹងរូបគេមិនព្រមលែងលះជាមួយភរិយាដែលនៅប្រទេសបង់ក្លាដេសចោល។ តាមឱ្យដឹង ជនដៃដល់ជាគូស្នេហ៍នោះក៏ជាជនជាតិបង់ក្លាដេសដូចគ្នា បានធ្វើសកម្មភាពវាយប្រហារលើជនរងគ្រោះនៅ Kampung Lokan ក្រុង Gelang Patah រដ្ឋ Johor ដោយជនរងគ្រោះបានរងរបួសធ្ងន់ត្រង់ប្រដាប់ភេទ និង ដៃខាងឆ្វេង។
ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ និង ព្យាបាលរបួស ខណៈគូស្នេហ៍ជាជនសង្ស័យត្រូវបានចាប់ខ្លួនក្នុងថ្ងៃជាមួយគ្នានោះ រួមទាំងដកហូតបានវត្ថុតាងជាកាំបិតប្រវែង ២៩ សង់ទីម៉ែត្រមួយដើម ដែលប្រើប្រាស់ក្នុងការវាយប្រហារលើជនរងគ្រោះនោះ៕
ប្រភព៖ World Of Buzz