ថ្មីៗនេះ មានរឿងរ៉ាវដ៏គួរឱ្យហួសចិត្តមួយកើតមានឡើងនៅក្រុង Udon Thani ប្រទេសថៃ ដោយបុរសជាអ្នករត់ម៉ូតូឌុបវ័យ ២៣ ឆ្នាំម្នាក់ ទៅរាយការណ៍ប្រាប់ប៉ូលិសឱ្យជួយ ក្រោយមានភ្ញៀវស្រីម្នាក់ជិះម៉ូតូឌុបខ្លួនអស់ ៤០ បាត (ប្រមាណជិត ៥០០០ រៀល) បែរមិនឱ្យលុយតែសុំប្ដូរជាសេវាផ្លូវភេទជំនួសវិញ។
តាមការចេញផ្សាយពីកាសែត Bangkok Post ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រមាណ ៧ និង ៣០ នាទីយប់ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅ នៅម្ដុំបន្ទប់ស្នាក់នៅនាតំបន់ Soi Kamnan ក្រុង Udon Thani។
នារីជាភ្ញៀវដែលមានវ័យ ២៣ ឆ្នាំដូចអ្នករត់ម៉ូតូឌុបដែរនោះ បានប្រាប់ទៅអ្នករត់ម៉ូតូថានាងគ្មានលុយទេហើយក៏ព្យាយាមល្បួងបុរសរូបនោះឱ្យចូលបន្ទប់នាងដើម្បីគេងជាមួយគ្នាជាការដោះដូរថ្លៃដឹក ប៉ុន្តែត្រូវបានខាងអ្នករត់ម៉ូតូបដិសេធ។ នាងបានបន្តផ្ញើសារតាម app ទៅបុរសជាអ្នករត់ម៉ូតូឱ្យចូលបន្ទប់នាងម្ដងទៀត ហើយជាថ្មីខាងប្រុសនៅតែបដិសេធ និង ក្រោយមកក៏ទាក់ទងទៅប៉ូលិសឱ្យមកជួយ។
មុនពេលប៉ូលិសមកដល់ ក៏មានបុរសវ័យ ២៩ ឆ្នាំម្នាក់បានចេញពីបន្ទប់ ហើយក៏ជួយបង់លុយជំនួសនារីរូបនោះទៅ។ ពេលប៉ូលិសមកដល់ បុរសខាងលើបានប្រាប់ថា លោកមិនស្គាល់នារីនោះឡើយ តែជួយចេញថ្លៃឱ្យព្រោះតែអាណិត។ លោកបានបន្ថែមទៀតថា លោកឧស្សាហ៍ឃើញនារីនោះមកម្ដុំ dorm នេះញឹកណាស់ក្នុងពេលប៉ុន្មានខែមកនេះ ហើយតែងរកម៉ូតូជិះនៅបន្ទប់ក្បែរនោះ។
លោកនិយាយទៀតថា លោកអត់ដែលឱ្យនាងចូលមកក្នុងបន្ទប់លោកឡើយ តែនាងនៅតែដើរចូលខ្លួនឯង។ លោកជាបុរសមានប្រពន្ធហើយដែលប្រពន្ធកំពុងនៅខេត្ត Nong Khai និងកំពុងមានទម្ងន់ទៀត។ លោកប្រាប់នាងថាទង្វើនេះអាចធ្វើឱ្យលោកមានបញ្ហាបាន ទើបចេញក្រៅជួយចេញថ្លៃម៉ូតូឌុបឱ្យនាងទៅដើម្បីកុំឱ្យនាងចូលក្នុងបន្ទប់លោកទៀត។
ក្រោយការសាកសួររបស់ប៉ូលិស នារីរូបនោះក៏បានសារភាពថានាងពិតជាបានហៅអ្នករត់ម៉ូតូឌុបចូលបន្ទប់ពិតមែន តែអះអាងថាហៅចូលគ្រាន់ចង់បានគ្នាជជែកលេងដើម្បីរំសាយភាពឯកា។ បន្ថែមពីនេះ នាងក៏បដិសេធថាខ្លួនមិនបានប្រើប្រាស់សារធាតុញៀនអ្វីនោះដែរ។
យ៉ាងណាមិញ ក្រោយប៉ូលិសនាំនារីខាងលើត្រឡប់ទៅកន្លែងស្នាក់នៅរបស់នាងវិញដែលមានលោកយាយវ័យ ៧២ ឆ្នាំរស់នៅជាមួយ លោកយាយបាននិយាយថា ចៅរបស់គាត់ធ្លាប់មានប្រវត្តិប្រើ៎គ្រឿងញៀនរហូតធ្វើឱ្យនាងកើតមានបញ្ហាសតិ។ លោកយាយបានសុំប៉ូលិសឱ្យជួយចៅគាត់ផង ព្រោះនាងតែងចេញពីផ្ទះយប់ៗ ហៅម៉ូតូឌុបគេជិះទាំងអត់មានលុយឱ្យគេ។
ប៉ូលិសក៏បានណែនាំឱ្យក្រុមគ្រួសារនាំនាងទៅមន្ទីរពេទ្យព្យាបាលនៅម៉ោងធ្វើការធម្មតា ព្រោះសភាពនាងពេលនេះគឺមិនធ្ងន់ធ្ងរនោះឡើយ៕
ប្រភព៖ World Of Buzz