ហេតុការណ៍ដ៏គួរឱ្យហួសចិត្តមួយបានកើតមានឡើងនៅរដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា ដោយមានបុរសម្នាក់បានបើកឡានក្រុងបំបុកចូលរោងការគេ បណ្ដាលឱ្យមនុស្ស ៦ នាក់បានរងរបួស និង ខូចខាតទំនិញគេគិតជាប្រាក់ប្រមាណ ៤ ពាន់ដុល្លារ។ ចំពោះមូលហេតុនោះគឺដោយសារតែរូបគេខឹងមិនមានឈីសញ៉ាំនៅក្នុងពិធីមង្គលការនោះ។
ហេតុការណ៍ខាងលើនេះដែរបានកើតមានឡើងក្នុងពិធីមង្គលការរបស់កូនស្រីបុរសម្នាក់ឈ្មោះ Rajnath Yadav ដែលធ្វើឡើងក្នុងភូមិ Hamidpur នៃតំបន់ Mughalsarai Kotwali។ ពិធីមង្គលការរៀបចំធ្វើឡើងនៅល្ងាចថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៥ កន្លងទៅដោយគ្រប់យ៉ាងដំបូងឡើយគឺដំណើរការទៅរលូនណាស់។
តាមការរៀបរាប់ពីបុរសជាឪពុកកូនក្រមុំបានឱ្យដឹងថា៖ «Dharmendra Yadav (ជនបង្ក) បានចូលរួមពិធីមង្គលការ ហើយក៏ចាប់ផ្ដើមញ៉ាំអាហារក្នុងពិធី។ ពេលនោះ រូបគេបានសុំឈីសមួយចាន តែពេលអត់មាននរណាយកឈីសឱ្យ គេក៏កើតការខឹងរួចរត់ទៅបើកឡានក្រុងបំបុកចូលរោងពិធីតតែម្ដង ធ្វើឱ្យមនុស្ស ៦ នាក់រងរបួស និង ខូចខាតទំនិញគេតម្លៃរាប់ពាន់ដុល្លារ»។
ដោយកំហឹងមួយឆាវ ជនបង្កមិនបានគិតច្រើនឡើយទើបបើកឡានទៅបំផ្លាញកម្មវិធីគេបែបនេះ មុនបើកឡានគេចខ្លួនបាត់ទៅ។ គួរឱ្យដឹងថា អ្នករងរបួសទាំង ៦ នាក់នោះរួមមានទាំងឪពុករបស់កូនកំលោះ និង ពូរបស់កូនក្រមុំផងដែរ ដោយពួកគេត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពក្នុងតំបន់៕