អវកាសយានិករបស់ NASA ២ រូបគឺលោកស្រី Suni Williams និង លោក Butch Wilmore ដែលបានទាក់ទាញចំណាប់អារម្មណ៍មហាជនលើពិភពលោកនៅពេលដែលដំណើរបេសកកម្មលើទីអវកាសរបស់ពួកគេត្រូវបានជាប់គាំងពន្យារពេលរហូតដល់ទៅ ៩ ខែ ឥលូវនេះពួកគេអាចវិលត្រឡប់មកផ្ទះវិញបានហើយ។

កាលពីវេលាម៉ោង ៥ និង ៥៧ នាទីល្ងាចថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៥ (ពេលវេលាក្នុងតំបន់) លោកស្រី Williams និង លោក Wilmore អមដោយអវកាសយានិក NASA លោក Nick Hague និង លោក Aleksandr Gorbunov អវកាសយានិករបស់ភ្នាក់ងារអវកាស Roscosmos របស់រុស្ស៊ី បានធ្វើដំណើរចុះត្រឡប់ដល់ភពផែនដីវិញដោយសុវត្ថិភាពហើយនាសមុទ្រក្រុង Tallahassee រដ្ឋ Florida សហរដ្ឋអាមេរិក។


ការវិលត្រឡប់វិញដោយសុវត្ថិភាពរបស់អ្នកអវកាសទាំង ២ នាក់នេះដែរកើតមានឡើងក្រោយពួកគេបានឡើងជិះយាន SpaceX Crew Dragon ហើយចាកចេញពីស្ថានីយអវកាសអន្តរជាតិនៅវេលាម៉ោង ១ និង ០៥ នាទីយប់ (ពេលវេលាក្នុងតំបន់) ថ្ងៃទី ១៨ ខែមីនាកន្លងទៅនោះ។ គួរឱ្យដឹងថា អវកាសយានិកទាំង ៤ រូបខាងលើគឺជាក្រុមការងារនៃបេសកកម្ម Crew-9 ដែលបេសកកម្មផ្លាស់ប្ដូរគ្នាវិលជុំដឹកនាំដោយអង្គការ NASA និង ក្រុមហ៊ុន SpaceX។ យានរបស់ក្រុម Crew-9 ត្រូវបានបង្ហោះឡើងទៅស្ថានីយអវកាសកាលពីខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅ ដោយលោក Hague និង លោក Gorbunov អង្គុយក្បែរគ្នាជាប់នឹងកៅអីទទេចំនួន ២ ទុកសម្រាប់លោកស្រី Williams និង លោក Wilmore ដែលបានហោះទៅស្ថានីយអវកាសតាំងពីខែមិថុនា ឆ្នាំ ២០២៤ កន្លងទៅមកម្ល៉េះ ប៉ុន្តែត្រូវជាប់គាំងមិនអាចចុះមកភពផែនដីវិញបានដោយសារតែយានរបស់ពួកគេ Boeing Starliner ជួបបញ្ហា។

ការវិលត្រឡប់មកកាន់ភពផែនដីវិញបានដោយសុវត្ថិភាពក្រោយជាប់គាំងលើអវកាសច្រើនខែនេះដែរ មិនត្រឹមតែជាបទពិសោធដែលមិនអាចបំភ្លេចបានសម្រាប់អវកាសយានិកទាំង ២ រូបនោះទេ ប៉ុន្តែវាក៏ជាព្រឹត្តិការណ៍មួយដែលបានទាក់ទាញចំណាប់អារម្មណ៍មហាជនលើសកលលោកផងដែរ៕

