ក្រោយរឿងអាស្រូវស្នេហាដ៏ក្ដៅគគុករវាងតារាសម្ដែង Kim Soo Hyun និង Kim Sae Ron ទាំងនាងនៅមិនទាន់ពេញវ័យ នៅបន្តបែកធ្លាយរូបភាព និង ព័ត៌មានលម្អិតជាច្រើននោះ ឥលូវនេះខាងទីភ្នាក់ងាររបស់តារាប្រុស Kim Soo Hyun បានចេញសេចក្ដីថ្លែងការណ៍លើកដំបូងហើយ។
សេចក្ដីថ្លែងការណ៍នោះដែរ ទីភ្នាក់ងារ Gold Medalist បានរៀបរាប់ថា៖ «សួស្ដី នេះគឺ Gold Medalist។ ពួកយើងចង់មកបញ្ចេញមតិលើការចេញផ្សាយរបស់ Garo Sero Institute ពាក់ព័ន្ធនឹង Kim Soo Hyun ថ្មីៗនេះ។ ពួកយើងនឹងធ្វើការបញ្ចេញសេចក្ដីថ្លែងការណ៍លម្អិតមួយនៅសប្ដាហ៍ក្រោយដើម្បីបកស្រាយពីការពិត កែប្រែសេចក្ដីថ្លែងការណ៍ដែលមិនពិត និង ប្រឆាំងនឹងពាក្យចចាមអារ៉ាមដែលគ្មានមូលដ្ឋានច្បាស់លាស់ដែលលើកឡើងពី Kim Soo Hyun។ ពួកយើងក៏សុំអភ័យទោសដែលធ្វើឱ្យគ្រប់គ្នារង់ចាំយូរបែបនេះ សូមអ្នកទាំងអស់គ្នាយោគយល់ព្រោះយើងចៀសវាមិនចង់បន្តចេញសេចក្ដីថ្លែងការណ៍បន្តបន្ទាប់។ អរគុណ»។
គួររំឭកផងដែរថា កាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅ ខាង Garo Sero Institute បានទម្លាយរូបភាព និង ឯកសារមួយចំនួនពាក់ព័ន្ធនឹងទំនាក់ទំនងស្នេហារវាង Kim Soo Hyun និង Kim Sae Ron ដោយក្នុងនោះរួមមានសំបុត្រមួយច្បាប់យ៉ាងវែងអន្លាយដែល Kim Soo Hyun បានសរសេរឱ្យ Kim Sae Ron នៅពេលនាងមានអាយុ ១៧ ឆ្នាំ។
Postcard មួយលោកសរសេរឱ្យនាងខណៈពេលលោកនៅប្រទេសបារាំង រួមទាំងកិច្ចសម្ភាសជាមួយម្ដាយមីង Kim Sae Ron ជាមួយពិធីករ ដោយអះអាងថាតារាទាំងពីរនោះធ្លាប់និយាយគ្នាពីរឿងរៀបការ។ ជាមួយគ្នានោះ សារព័ត៌មានល្បី Dispatch ក៏ធ្លាប់ចោទជាសំនួរសួរពីគោលបំណងភ្នាក់ងារ Gold Medalist ពាក់ព័ន្ធនឹងទំនាក់រវាង Kim Sae Ron និង Kim Soo Hyun ផងដែរ៕
ប្រភព៖ Koreaboo