នៅថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០២៥ នេះ ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា បានចេញសារដ៏សំខាន់មួយពាក់ព័ន្ធនឹងពាក្យចចាមអារ៉ាមដែលបានលើកឡើងថា រដ្ឋាភិបាលប្រទេសជប៉ុននឹងធ្វើការផ្ដល់ដ្រូនចម្បាំងទៅឱ្យប្រទេសថៃស្របពេលដែលកំពុងតែមានជម្លោះព្រំដែនជាមួយប្រទេសកម្ពុជា។
តាមរយៈសារប្រកាសនោះដែរ ខាងស្ថានទូតជប៉ុនបានចេញបញ្ជាក់ថា ពាក្យចចាមអារ៉ាមខាងលើនេះគឺមិនពិតនោះទេ។ ស្ថានទូតជប៉ុនបានបកស្រាយថា រដ្ឋាភិបាលជប៉ុន ពុំដែលមានគម្រោងផ្ដល់គ្រឿងយន្តបែបនេះដល់ប្រទេសថៃ ហើយក៏មិនធ្លាប់បានទទួលសំណើរបែបនេះពីប្រទេសថៃដែរ។ ជំនួយរបស់ប្រទេសជប៉ុនត្រូវបានកំណត់យ៉ាងតឹងរ៉ឹងចំពោះផ្នែកដែលមិនពាក់ព័ន្ធដោយផ្ទាល់ទៅនឹងជម្លោះអន្តរជាតិ។
រដ្ឋាភិបាលជប៉ុនចាត់ទុកថាការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសកម្ពុជា និងប្រទេសថៃ នឹងការស្ដារឡើងវិញនូវសន្តិភាពឱ្យបានឆាប់មានសារៈសំខាន់ខ្លាំងណាស់។ យើងសង្ឃឹមយ៉ាងមុតមាំថា ប្រជាជនកម្ពុជានឹងអាចវិលទៅរកជីវភាពប្រចាំថ្ងៃដោយសុខសាន្តឱ្យបានឆាប់៕