កាលពីថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅ (ពេលវេលាក្នុងតំបន់) ប៉ូលិសប្រទេសឥណ្ឌា បានធ្វើការចាប់ខ្លួនម្ចាស់ក្រុមហ៊ុនផលិតឱសថមួយកន្លែង ក្រោយថ្នាំស៊ីរ៉ូក្អកដែលពួកគេបានផលិតមានជាប់ពាក់ព័ន្ធនឹងករណីស្លាប់របស់ក្មេងៗយ៉ាងហោចណាស់ ២១ នាក់។ ភាគច្រើននៃជនរងគ្រោះគឺអាយុក្រោម ៥ ឆ្នាំ និង រស់នៅក្នុងរដ្ឋ Madhya Pradesh ប្រទេសឥណ្ឌា។
ក្រុមហ៊ុនផលិតឱសថខាងលើមានឈ្មោះ Sresan Phrama ដោយម្ចាស់មានឈ្មោះ G Ranganathan អាយុ ៧៥ ឆ្នាំ ត្រូវបានប៉ូលិសក្រុង Chennai និង រដ្ឋ Madhya Pradesh ចាប់ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី ០៩ ខែតុលា កន្លងទៅ ក្នុងផ្ទះរបស់លោក។ លោកត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត និង ការផលិតថ្នាំដោយប្រើប្រាស់ធាតុផ្សំមិនត្រឹមត្រូវ។
រូបភាព៖ Reuters
ជាក់ស្ដែង ថ្នាំស៊ីរ៉ូក្អកម៉ាក Coldrif គឺត្រូវបានផលិតក្នុងរោងចក្រ Sresan Pharma នៅរដ្ឋ Tamil Nadu ភាគខាងត្បូងប្រទេសឥណ្ឌា។ បើតាមការបញ្ជាក់ពីខាងក្រសួងសុខាភិបាលក្នុងប្រទេស កាលពីថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅ សំណាកយកពីស៊ីរ៉ូនេះបានយកទៅធ្វើតេស្ត និង បានរកឃើញថាមានសារធាតុ diethylene glycol (DEG) ដែលជាសារធាតុគីមីពុលដែលអាចប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរទោះបីផឹកវាក្នុងបរិមាណតិចតួចក៏ដោយ។
ក្រោយមានករណីស្លាប់លើកុមារច្រើនករណី ខាងរដ្ឋ Madhya Pradesh និង រដ្ឋមួយចំនួនផ្សេងទៀតក្នុងប្រទេសឥណ្ឌា បានប្រកាសហាមប្រាមមិនឱ្យលក់ និង ប្រើប្រាស់ថ្នាំស៊ីរ៉ូក្អកម៉ាកខាងលើនោះឡើយ ខណៈខាងអង្គការសុខភាពពិភពលោកក៏បានស្នើឱ្យរដ្ឋាភិបាលឥណ្ឌាពិនិត្យមើលថាតើស៊ីរ៉ូក្អកដែលមានសារធាតុពុលនេះ មានការនាំចេញទៅលក់នៅក្រៅប្រទេសឬក៏អត់៕