ស្របនឹងកម្ដៅតាមព្រំដែនកម្ពុជា-ថៃ ដែលខាងភាគីថៃជាអ្នកបង្កមុនកាន់តែក្ដៅគគុកនោះ នាប៉ុន្មានថ្ងៃមកនេះគេឃើញមានចំណាត់ការឆ្លើយតបជាច្រើនបានលេចឡើងចេញពីរដ្ឋាភិបាលប្រទេសទាំង ២។ ពិតណាស់ បន្ទាប់ពីមានការគំរាមមិនឈប់ឈរពីខាងភាគីថៃ លើបញ្ហាបិទច្រកព្រំដែនជាឯកតោភាគី ការកាត់ផ្ដាច់អគ្គិសនី អ៊ីនធឺណែត ការកាត់ផ្ដាច់ការនាំចេញប្រេងឥន្ធនៈ និង ឧស្ម័ន ជាដើមនោះ ខាងកម្ពុជាក៏បានគិតគូរ និង បានឆ្លើយតបភ្លាមៗលើបញ្ហាទាំងនោះផងដែរ។
ក្រោយការឆ្លើយតបលើបញ្ហាទាំងអស់នោះពីកម្ពុជាបានប៉ុន្មានថ្ងៃ ស្រាប់តែកាលពីរសៀលថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅ តាមរយៈការចុះផ្សាយពីសារព័ត៌មានមួយក្នុងស្រុកថៃ គេបានឃើញនាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បានចេញសេចក្តីប្រកាសពីចំណាត់ការរួមមួយចំនួនមកលើប្រទេសកម្ពុជា ដែលចំណាត់ការទាំងអស់នោះមើលទៅទំនងហាក់ដូចជាលេសប្រើដើម្បីបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា និង ដើម្បីបង្វែរដានឱ្យអន្តរជាតិមើលមកកម្ពុជាក្នុងន័យមិនល្អ ដែលតាមធាតុពិតគឺថៃចង់លាងខ្លួនពីឆាកអន្តរជាតិយកល្អតែខ្លួនឯង ជាមួយនឹងទង្វើបិទបាំងដែលប្រទេសខ្លួនបានឈ្លានពានមកលើប្រទេសកម្ពុជាមុន។
ក្នុងសេចក្តីប្រកាសនោះ លោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្ត្រីថៃ បានលើកឡើងថា កម្ពុជាមានឧក្រិដ្ឋកម្ម រហូតធ្វើឱ្យរដ្ឋាភិបាលថៃបានដាក់ចេញនូវវិធានការដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសឧក្រិដ្ឋកម្មបច្ចេកវិទ្យា ដែលខាងអង្គការ UN កំណត់ថាជាវិបត្តិដ៏សំខាន់មួយនៅក្នុងប្រទេសកម្ពុជា ដែលធ្វើខាតបង់ទឹកប្រាក់ជាង ៦០០ ពាន់លានបាតជារៀងរាល់ឆ្នាំ។
ចំពោះវិធានការសំខាន់ៗដែលនាយករដ្ឋមន្ត្រីថៃដាក់ចេញបន្ថែមទាំងនោះរួមមាន ៖
• ខាងសន្តិសុខ ៖ បង្កើនការគ្រប់គ្រងដ៏តឹងរឹងនៅតាមច្រកព្រំដែនចំនួន ៧ ដោយរួមមានការកំណត់ពេលវេលា និង ការដាក់កំហិតការចេញ/ចូលទាំងមនុស្ស និង យានយន្ត (លើកលែងតែសិស្សសាលា និង ករណីទៅមន្ទីរពេទ្យ) ប៉ុណ្ណោះ។ ទេសចរបរទេសគឺហាមប្រាមមិនឱ្យលេងល្បែងតាមតំបន់ព្រំដែន ហើយការហោះហើរទៅខេត្តសៀមរាបដើម្បីលេងល្បែងនឹងត្រូវប្រឈមការត្រួតពិនិត្យដ៏តឹងរឹង។
• ឧក្រិដ្ឋកម្មបច្ចេកវិទ្យា ៖ ក្រសួងសេដ្ឋកិច្ចឌីជីថល និង សង្គម (DE) រួមជាមួយនាយកដ្ឋាន AOC នឹងធ្វើការស៊ើបអង្កេតយ៉ាងជិតដិតបំផិតលើគណនីបង្កើតឡើងដើម្បីធ្វើការល្បួង រួមទាំងដំណើរការផ្នែកហិរញ្ញវត្ថុដែលពាក់ព័ន្ធនឹងក្រុមទំនើង call center ឆ្លងដែន។ វិធានការនេះដែររួមមានការផ្អាកសេវាអ៊ីនធឺណែត និង បណ្ដាញខ្សែកាបអ៊ីនធឺណែតក្រោមសមុទ្រតភ្ជាប់មកខាងយោធាកម្ពុជា និង ទីភ្នាក់ងារសន្តិសុខ។ កិច្ចសហប្រតិបត្តិការជាមួយការិយាល័យប្រឆាំងការលាងលុយកង្វក់ (AMLO) ក៏នឹងឈានដល់ការដាក់ទណ្ឌកម្ម រឹបអូសទ្រព្យសម្បត្តិ និង បង្កកទ្រព្យសម្បត្តិដែលឆ្លងទៅបរទេសដោយឧក្រិដ្ឋកម្មឆ្លងដែន។
• ជំនួញ ៖ ការនាំចេញទំនិញដែលទ្រទ្រង់សកម្មភាពឧក្រិដ្ឋកម្មឆ្លងដែននឹងត្រូវផ្អាក ដោយផ្ដោតជាពិសេសទៅលើការបញ្ឈប់ការនាំចេញប្រេងឥន្ធនៈទៅកម្ពុជា ប្រសិនបើប្រើប្រាស់ក្នុងគោលបំណងខុសច្បាប់។
• ពាណិជ្ជកម្ម ៖ ក្រសួងពាណិជ្ជកម្មនឹងអនុវត្តវិធានការគាំទ្រដល់កសិករ និង សហគ្រាសធុនតូច និង មធ្យមដែលរងផលប៉ះពាល់ពីស្ថានភាពព្រំដែន ដោយស្វែងរកកិច្ចសហប្រតិបត្តិការពីវិស័យសាធារណៈ និង ឯកជន សម្រាប់ការទិញទំនិញ។
• កិច្ចសហប្រតិបត្តិការអន្តរជាតិ ៖ ក្រសួងការបរទេសនឹងសម្របសម្រួលជាមួយដៃគូអន្តរជាតិដើម្បីបង្ក្រាបបណ្ដាញឧក្រិដ្ឋកម្មបច្ចេកវិទ្យា ដោយដាក់ប្រទេសថៃជាមជ្ឈមណ្ឌលប្រតិបត្តិការរួមក្នុងតំបន់។
នាយករដ្ឋមន្ត្រីថៃបានសង្កត់បញ្ជាក់ដែរថា វិធានការទាំងនេះនឹងដាក់អនុវត្តឡើងរយៈពេល ៣ ខែ ដោយរំពឹងថានឹងមានការថយចុះនូវស្ថិតតិឧក្រិដ្ឋកម្ម ការរាយការណ៍ពីការខូចខាត ការរឹបអូសទ្រព្យសម្បត្តិ និង ការកាត់ទោស។ លោកស្រីបានលើកឡើងវិញនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលខ្លួនក្នុងការដោះស្រាយបញ្ហានេះឱ្យបានឆាប់រហ័ស និង ធានាឱ្យមានទំនាក់ទំនាក់សាធារណៈដ៏ត្រឹមត្រូវ។ ដោយឡែក ពាក់ព័ន្ធនឹងជំនួញថៃក្នុងប្រទេសកម្ពុជា លោកស្រីនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ពីការគាំទ្ររបស់រដ្ឋាភិបាល និង លើកឡើងដែរថាបច្ចុប្បន្នគឺគ្មានអំពើហិង្សាអ្វីឡើយ។
ជាមួយគ្នានោះដែរ លោកស្រីក៏បានលើកឡើងពីការប្រកាសរបស់ខាងកម្ពុជាថ្មីៗកន្លងទៅនេះពាក់ព័ន្ធនឹងការបញ្ឈប់ការយកប្រេងពីប្រទេសថៃ ដោយលោកស្រីថាធ្វើនេះអាចនាំឱ្យតម្លៃឡើងថ្លៃសម្រាប់ពលរដ្ឋខ្មែរប្រសិនបើបញ្ហាព្រំដែនបច្ចុប្បន្នកាន់តែក្ដៅគគុកឡើង។ ចំណែក មុខជំនួញថៃដែលភាគច្រើនជាសណ្ឋាគារនៅតាមជាយក្រុងគឺមិនសូវរងការប៉ះពាល់ពីការរឹតត្បិតតាមព្រំដែនឡើយ ហើយទាំងវិស័យសាធារណៈ និង ឯកជន ក៏បានត្រៀមខ្លួនរួចស្រេចដើម្បីគាំទ្រដល់កសិករផងដែរ។ ដោយឡែក ខាងយោធាវិញក៏ត្រូវបានផ្ដល់សិទ្ធិអំណាចដើម្បីធ្វើការសម្រេចចិត្តគ្រប់គ្រងព្រំដែនភ្លាមៗទៅតាមស្ថានការណ៍ដោយផ្ទាល់៕
ប្រភព៖ Khaosod English