ខណៈបរិយាកាសក្នុងទីក្រុងបាងកក ប្រទេសថៃ នៅតែមានអ័ព្ទអួអាប់ខ្លាំង ខាងរដ្ឋាភិបាលក្រុងបានដាក់ពង្រាយយន្តហោះតូចៗឱ្យបាញ់ទឹកកកស្ងួត ឬទឹកត្រជាក់ទៅលើបរិយាកាសដើម្បីកាត់បន្ថយការបំពុលខ្យល់។ ក្នុងយន្តហោះនោះ អ្នកវិទ្យាសាស្ត្របានតាមដានការហោះហើរតាមរយៈ iPad ខណៈអ្នកបើកយន្តហោះ ២ នាក់បានធ្វើការបាញ់ទឹកត្រជាក់ ឬទឹកកកស្ងួតពីធុងទឹកចំនួន ២ សាចទៅលើអ័ព្ទក្នុងបរិយាកាសពីកម្ពស់ ១៥០០ ម៉ែត្រ។

គួរឱ្យដឹងថា កាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ ទីក្រុងបាងកកបានក្លាយជាទីក្រុងលេខរៀងទី ៧ លើពិភពលោកដែលមានការបំពុលខ្យល់ខ្លាំងក្លាជាងគេ ដោយកម្រិតបំពុលនោះមានចំនួន ៨ ដងលើសកម្រិតដែលអង្គការ WHO ដាក់ឱ្យ រហូតខាងអាជ្ញាធរបង្ខំចិត្តប្រកាសឱ្យបិទសាលារៀនចំនួន ៣៥២ ពាសពេញសង្កាត់ទាំង ៣១។

តាមការបញ្ជាក់ពីអភិបាលក្រុងបាងកក Chadchart Sittipunt បានឱ្យដឹងថា មូលហេតុបង្កឱ្យមានការបំពុលបរិយាកាសនេះដែរគឺបណ្ដាលមកពីចំហេះចេញពីយានយន្ត ការដុតសំរាម ភ្លៀងធ្លាក់ក្នុងបរិមាណតិចតួច និង ការចុះអ័ព្ទដែលរាំងស្ទះធូលី និង ផ្សែងមិនឱ្យរសាត់ចេញទៅកន្លែងណាផ្សេងបាន។ ដូច្នេះហើយ ដំណោះស្រាយលើបញ្ហានេះ ខាង Royal Thai Agricultural Aviation and Rainmaking Department បានធ្វើការពង្រាយយន្តហោះតូចៗឱ្យបាញ់ទឹកត្រជាក់ទៅលើបរិយាកាស ២ ដងក្នុងមួយថ្ងៃ ដើម្បីកាត់បន្ថយការចុះអ័ព្ទ។

តាមការបញ្ជាក់បន្ថែមរបស់មន្ត្រីប្រចាំប្រទេសថៃបានឱ្យដឹងទៀតថា វិធីសាស្ត្រនេះគឺធ្វើឡើងផ្អែកតាមគោលការណ៍កាត់បន្ថយសីតុណ្ហភាពរវាងស្រទាប់បរិយាកាស ដែលធ្វើឱ្យធូលី PM2.5 ងាយស្រួលក្នុងការបំបែកខ្លួនចូលក្នុងស្រទាប់បរិយាកាសខ្ពស់។ តាមសម្ដីរបស់លោក Chanti Detyothin អ្នកដឹកនាំយុទ្ធនាការខាងលើបាននិយាយថា៖ «នេះមិនមែនជាវិធីសាស្ត្របង្កើតភ្លៀងសិប្បនិម្មិតនោះទេ ប៉ុន្តែវាប្រើប្រាស់តែក្នុងប្រទេសថៃប៉ុណ្ណោះ»។

ប្រទេសខ្លះបានប្រើវិធីសាស្ត្របង្កើតភ្លៀងសិប្បនិម្មិតដោយបាញ់សារធាតុគីមីមួយចំនួនទៅលើបរិយាកាសដើម្បីបង្កើតជាភ្លៀង ឬព្រិល ក្នុងបំណងកាត់បន្ថយគ្រោះរាំងស្ងួត និង ការបំពុលបរិយាកាស ប៉ុន្តែចំពោះប្រសិទ្ធភាពគឺនៅតែមិនទាន់អាចសន្និដ្ឋានបាននៅឡើយ។ តាមអ្នកវិទ្យាសាស្ត្របាននិយាយថា វិធីសាស្ត្រទាំងនេះគឺបានផលតិចតួចណាស់ក្នុងការបង្កើតទឹកភ្លៀង ឬកាត់បន្ថយអ័ព្ទនោះ។ ចំពោះយុទ្ធនាការបាញ់ទឹកកកខាងលើនោះដែរ គឺធ្វើឡើងដំបូងក្នុងប្រទេសថៃក្នុងឆ្នាំ ២០២៤ ប៉ុន្តែនៅតែស្ថិតក្នុងការសាកល្បងនៅឡើយ។

លោក Chanti បានរៀបរាប់ថា៖«លទ្ធផលបានបង្ហាញថាធូលីបានរសាយអស់ខ្លះ ហើយល្អងធូលីនៅតំបន់ដែលយើងចុះប្រតិបត្តិការក៏ធ្លាក់ចុះដូចគ្នា។ យ៉ាងណាមិញ បច្ចេកវិទ្យាថ្មីនេះនៅមានកម្រិតនៅឡើយ តែពួកយើងនៅបន្តព្យាយាមរៀងរាល់ថ្ងៃដើម្បីឱ្យក្រុងបាងកកត្រឡប់មកមានបរិយាកាសល្អវិញ»៕