លោកតាអាយុ ៧៥ ឆ្នាំម្នាក់ឈ្មោះ Sangruram ជាកសិករនៅភូមិ Kuchhmuchh សង្កាត់ Jaunpur រដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា បានរៀបការជាមួយស្ត្រីម្នាក់អាយុត្រឹម ៣៥ ឆ្នាំ ក្នុងក្ដីសង្ឃឹមមានដៃគូមើលថែក្រោយរស់នៅឯកោម្នាក់ឯងរាប់ឆ្នាំ ប៉ុន្តែបែរជាមកជួបរឿងអកុសល រៀបការជាមួយប្រពន្ធបានត្រឹមមួយថ្ងៃ លោកតាត្រូវបានប្រទះឃើញលាចាកលោកនៅព្រឹកថ្ងៃបន្ទាប់។
តាមឱ្យដឹង លោកតាគឺជាបុរសពោះម៉ាយ គ្មានកូនគ្មានចៅបន្តវង្សត្រកូល និង បានរស់នៅជីវិតឯកោម្នាក់ឯង ចាប់តាំងពីប្រពន្ធមុនរបស់លោកតាទទួលមរណភាពទៅកាលពីឆ្នាំមុន។ រហូតមកដល់ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅ លោកតាក៏បានបញ្ចប់ជីវិតឯកោមួយនេះ ដោយរៀបការជាថ្មីម្ដងទៀតជាមួយកូនក្រមុំវ័យ ៣៥ ឆ្នាំ មកពីតំបន់ Jalalpur។
តាមពិតទៅ លោកតា និង ប្រពន្ធក្រោយ បានចុះសំបុត្រអាពាហ៏ពិពាហ៍ជាមួយគ្នានៅតុលាការរួចទៅហើយ មុនមករៀបចំពិធីរៀបការតាមប្រពៃណីនៅក្នុងវិហារក្បែរនោះតាមក្រោយ។ តាមសម្ដីរបស់ភរិយាក្រោយលោកតាខាងលើ បានប្រាប់សារព័ត៌មានថា ប្ដីរបស់គាត់បាននិយាយអះអាងធានាថា លោកតានឹងមើលថែកូនៗ ដោយប្រពន្ធមើលការខុសត្រូវថែផ្ទះសម្បែងចុះ។ គាត់បានរៀបរាប់ទៀតថា នៅយប់ថ្ងៃរៀបការនោះ ពួកគាត់ទាំងពីរនាក់ចំណាយពេលនិយាយជាមួយគ្នាច្រើន។
យ៉ាងណាមិញ មកដល់ព្រឹកថ្ងៃបន្ទាប់ សុខភាពលោកតា Sangruram ស្រាប់តែចុះខ្សោយធ្ងន់ធ្ងរភ្លាមៗ ទើបក្រុមគ្រួសារប្រញាប់ប្រញាល់បញ្ជូនគាត់ទៅសង្គ្រោះនៅមន្ទីរពេទ្យ តែអកុសលពេលទៅដល់ ក្រុមគ្រូពេទ្យប្រកាសថាលោកតាបានផុតចាកលោកទៅហើយ។ មរណភាពភ្លាមៗរបស់លោកតា បានបង្កជាការផ្ទុះវែកញែកពេញក្នុងភូមិ ដោយអ្នកខ្លះថាលោកតាទៅដោយធម្មជាតិ ខណៈខ្លះទៀតថាជាករណីឃាតកម្ម។
ដោយឡែក ចំពោះក្រុមគ្រួសារខាងលោកតា រួមទាំងក្មួយៗរបស់គាត់ដែលរស់នៅក្រុង Delhi បានប្រាប់ឱ្យផ្អាកការរៀបចំពិធីបុណ្យសិន រង់ចាំពួកគេមកដល់ស្រុក។ ជាមួយគ្នានោះ ក៏ឃើញមានការអំពាវនាវជាច្រើនក្នុងសហគមន៍ឱ្យប៉ូលិសធ្វើការស៊ើបអង្កេតលើករណីនេះ និង បើអាចធ្វើកោសល្យវិស័យលើសពរកមូលហេតុស្លាប់ឱ្យពិតប្រាកដ៕
ប្រភព៖ 9GAG