រដ្ឋអាជ្ញានៅតៃវ៉ាន់ បានចោទប្រកាន់បុរសសញ្ជាតិបារាំងវ័យ ២២ ឆ្នាំម្នាក់ ពីបទជួញដូរ និង រត់ពន្ធគ្រឿងញៀនខុសច្បាប់ ក្រោយពីរកឃើញរូបគេកំពុងលួចនាំយកកញ្ឆាជាង ៣៣.៤ គីឡូក្រាមក្នុងវ៉ាលិស ខណៈកំពុង transit នៅព្រលានយន្តហោះអន្តរជាតិ Taoyuan។
តាមលទ្ធផលទទួលបានពីការស៊ើបអង្កេត នៅរសៀលថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២៥ បុរសជនជាតិបារាំងវ័យក្មេងម្នាក់ បានជិះយន្តហោះ EVA Air ជើងហោះហើរលេខ BR-68 ហោះចេញពីព្រលានយន្តហោះសុវណ្ណាភូមិ ប្រទេសថៃ ឆ្ពោះទៅព្រលានយន្តហោះអន្តរជាតិ Taoyuan នៅតៃវ៉ាន់ ដោយគម្រោងនឹងហោះទៅព្រលានយន្តហោះអន្តរជាតិ Charles de Gualle ក្រុងប៉ារីស ប្រទេសបារាំង។
ខណៈកំពុងធ្វើការត្រួតពិនិត្យ ខាងអាជ្ញាធរបានរកឃើញថា វ៉ាលិសចំនួន ២ របស់បុរសខាងលើបង្ហាញសញ្ញាមិនប្រក្រតី។ ក្រោយឆែកឆេរមើលទៅ ពួកគេក៏រកឃើញកញ្ឆាចំនួន ៦៨ កញ្ចប់លាក់នៅខាងក្នុងនោះ ជាមួយទម្ងន់សរុបចំនួន ៣៣,៤៣១.៥៤ ក្រាម។ ពេលកាត់ក្ដី ជនជាប់ចោទបានទទួលសារភាពគ្រប់បែបយ៉ាង ដោយលើកឡើងថា រូបគេជាតារាម៉ូដែលអាជីព និង ត្រូវបានខាងក្រុមជួញដូរគ្រឿងញៀនហៅទៅប្រទេសថៃ ដោយក្រោយមកក៏ស្នើឱ្យរូបគេដឹកវ៉ាលិសមានផ្ទុកគ្រឿងញៀនទាំងនេះត្រឡប់ទៅប្រទេសបារាំង។
តាមការបញ្ជាក់ពីខាងការិយាល័យព្រះរាជអាជ្ញាបានកំណត់ថា ចំនួនគ្រឿងញៀនដែលដកហូតបានគឺទ្រង់ទ្រាយធំ ប្រសិនបើវាឈានទៅដល់ការលក់លើទីផ្សារ វាអាចបង្កការគំរាមកំហែងធ្ងន់ធ្ងរខ្លាំងដល់សុខភាពសាធារណៈ។ បើទោះជាគ្រឿងញៀនទាំងនោះត្រូវបានរឹបអូសទាន់ពេល ប៉ុន្តែគ្រោះថ្នាក់គឺនៅតែខ្លាំង។
ដោយពិចារណាលើចម្លើយសារភាពរបស់ជនជាប់ចោទ ខាងការិយាល័យព្រះរាជអាជ្ញាក៏បានស្នើឱ្យតុលាការកាត់ទោសជនជាប់ចោទឱ្យជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំ ៦ ខែ។ បច្ចុប្បន្ន ជនជាប់ចោទកំពុងស្ថិតក្នុងការឃុំខ្លួនបណ្ដោះអាសន្នរង់ចាំការកាត់ក្ដីបន្ត៕
ប្រភព៖ Kenh14