កាលពីថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅ សារព័ត៌មាន CNN បានចេញផ្សាយថា តារាសម្ដែង និង ចម្រៀងអាហ្សង់ទីនដ៏ល្បី Fede Dorcaz បានបាត់បង់ជីវិតទាំងវ័យត្រឹម ២៩ ឆ្នាំ ក្រោយត្រូវក្រុមចោរប្រដាប់អាវុធវាយប្រហារនៅតាមដងផ្លូវនាទីក្រុងម៉ិកស៊ិក ប្រទេសម៉ិកស៊ិក។
តាមការបញ្ជាក់របស់ក្រសួងសន្តិសុខស៊ីវិលប្រចាំប្រទេសម៉ិកស៊ិកបានឱ្យដឹងថា តារាចម្រៀងប្រុស Dorcaz ត្រូវខ្មាញ់កាំភ្លើងបាញ់ជាច្រើនគ្រាប់ ខណៈកំពុងតែបើកឡាននៅលើដងផ្លូវ Periferico។ ជនសង្ស័យ ត្រូវគេជឿថាមានជិះម៉ូតូចំនួន ២ គ្រឿង ដោយបច្ចុប្បន្នប៉ូលិសកំពុងតាមចាប់ខ្លួន។ ស្របពេលគ្នានេះ ប៉ូលិសក៏កំពុងប្រមូលទិន្នន័យពីកាមេរ៉ាសុវត្ថិភាពនៅតាមតំបន់នៃទីតាំងកើតហេតុ ដើម្បីធ្វើការស៊ើបអង្កេតបន្តទៀត។
លោក Fede Dorcaz គឺជាសិល្បករពហុជំនាញដ៏ល្បីឈ្មោះមួយរូប ដែលមានទេពកោសល្យទាំងការច្រៀង សម្ដែង និង ម៉ូដែល ដោយលោកគឺមានការងារជាហូរហែនៅក្នុងប្រទេសអាហ្សង់ទីន និង ម៉ិកស៊ិក។ ជាក់ស្ដែង មុនលោកទទួលមរណភាព Dorcaz ក៏ត្រូវបានគេអញ្ជើញឱ្យចូលរួមក្នុងកម្មវិធីកម្សាន្តមួយហៅថា Las Estrellas Bailan en Hoy របស់ប៉ុស្តិ៍ទូរទស្សន៍ Televisa៕