លោកស្រី Nita Ambani ភរិយារបស់មហាសេដ្ឋីឥណ្ឌា Mukesh Ambani ថ្មីៗនេះ កំពុងធ្វើឱ្យសាធារណជនផ្ទុះចាប់អារម្មណ៍ជាខ្លាំង ខណៈឃើញលោកចូលរួមកម្មវិធីជប់លៀងមួយ កាន់កាបូប Hermes តូចច្រឡឹង លម្អដោយគ្រាប់ពេជ្រស្អេកស្គះ ៣ ០២៥ គ្រាប់ ជាកាបូបប្រណីតបំផុត ផលិតឡើងមានតែ ៣ ប៉ុណ្ណោះលើពិភពលោក។
តាមសារព័ត៌មាន Hindustan Times បានឱ្យដឹងថា លោកស្រី Nita Ambani បានអញ្ជើញចូលរួមកម្មវិធីជប់លៀងដែលរៀបចំឡើងដោយអ្នកច្នៃម៉ូដ Manish Malhotra នៅទីក្រុង Mumbai ប្រទេសឥណ្ឌា ដោយក្នុងពិធីជប់លៀងនោះ លោកស្រី Nita ក៏បានស្លៀកឈុតដែលច្នៃឡើងរបស់អ្នកច្នៃម៉ូដ Manish Malhotra ផ្ទាល់ផងដែរ។
យ៉ាងណាមិញ វត្តមានរបស់ភរិយាមហាសេដ្ឋីដែលមានទ្រព្យច្រើនជាងគេបំផុតនៅអាស៊ីនេះដែរ គឺមហាជនចាប់អារម្មណ៍ខ្លាំងទៅលើកាបូបដែលលោកស្រី Nita កាន់នៅនឹងដៃ។ កាបូបនោះដែរជាកាបូប Hermes Sac Bijou Birkin ច្នៃឡើងដោយ creative director របស់ Hermes High Jewerly។
មួយតួកាបូបគឺមានដាំពេជ្រចំនួនរហូតដល់ ៣ ០២៥ គ្រាប់ គិតជាទម្ងន់គឺជាង ១១១ ការ៉ាត់ ដែលជាកាបូបដ៏ប្រណីតជាងគេបំផុតលើពិភពលោក ច្នៃបង្កើតឡើងជាពិសេសមានត្រឹមតែ ៣ កាបូបប៉ុណ្ណោះ។ ចំពោះម៉ូដដែលលោកស្រី Nita Ambani កាន់នេះ គឺច្នៃមកមាន frame ធ្វើពីស្បែកសត្វក្រពើ និង ប្លាទីន ដោយតួកាបូបទាំងមូលគឺមានដាំពេជ្រទាំងអស់។
តាមសារព័ត៌មាន Sina កាបូបដ៏ប្រណីតនេះដែរចាយពេលដល់ទៅ ៥ ឆ្នាំទម្រាំផលិតបាន ហើយចំពោះតម្លៃវិញគឺមិនត្រូវបានប្រកាសជាផ្លូវការឡើយ ប៉ុន្តែបើតាម Tatler Asia រាល់កាបូប Sac Bijou Birkin គឺមានតម្លៃប្រមាណខ្ទង់ ២ លានដុល្លារ៕