អ្នកភូមិ Thornham នាតំបន់ Norfolk ប្រទេសអង់គ្លេស កំពុងផ្ទុះការមិនពេញចិត្តខ្លាំងជាមួយនឹងអ្នកមានៗ ដោយសារតែពួកគេតែងតែជិះឧទ្ធម្ភាគចក្រទៅបាយព្រឹករាល់ពេល បង្កជាការបំពុលសំឡេង ប៉ះពាល់ដល់សុវត្ថិភាពអ្នករស់នៅក្នុងភូមិ។

ករណីចុងក្រោយថ្មីៗ កើតឡើងកាលពីថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៥ ទៅ ដោយគេប្រទះឃើញមានឧទ្ធម្ភាគចក្រចំនួន ៧ គ្រឿង ចុះចតនៅក្រោយទីតាំងភោជនីយដ្ឋាន Thornham Deli បង្កជាសំឡេងខ្លាំង និង បក់ប៉ើងស្លឹកឈើ សំរាម រ៉ាយប៉ាយពាសពេញភូមិ ធ្វើឱ្យអ្នករស់នៅទីនោះជាច្រើនអត់ធ្មត់តទៅទៀតលែងបាន។

អ្នកភូមិជាច្រើន បានធ្វើការអំពាវនាវឱ្យលែងមានការចុះចតឧទ្ធម្ភាគចក្រចូលក្នុងភូមិដើម្បីតែញ៉ាំអាហារពេលព្រឹកតទៅទៀត ព្រោះថាសំឡេងនៃយានជំនិះនោះគឺបង្កការប៉ះពាល់ខ្លាំង និង ថែមទាំងគំរាមកំហែងដល់សុវត្ថិភាពលំនៅឋាន ក្មេងៗ និង សត្វចិញ្ចឹមនៅទីនោះផងដែរ។

យ៉ាងណាមិញ ជុំវិញបញ្ហានេះ ខាងម្ចាស់ភោជនីយដ្ឋានខាងលើឈ្មោះ Janie Thompson ក៏បានឆ្លើយតបទៅនឹងការប្រតិកម្មរបស់ពលរដ្ឋក្នុងភូមិវិញថា៖ «បញ្ហាដូចជាមិនធ្ងន់ធ្ងរពេកទេ។ ពួកយើងគោរពដល់អ្នកភូមិស្រុក ហើយក៏គ្មានបញ្ហាទាស់ទែងអ្វីរវាងខាងហាង និង អ្នកភូមិដែរ។ ឧទ្ធម្ភាគចក្រគឺនៅអនុញ្ញាតឱ្យចុះចតធម្មតា ហើយខ្ញុំមិនចង់បញ្ចេញមតិអ្វីលើសនេះទៀតទេ ព្រោះមើលទៅគ្រប់យ៉ាងលើកមកដូចលើសពេក»។ លោកស្រី Janie ក៏មានបន្ថែមទៀតថា ឧទ្ធម្ភាគចក្រទាំងអស់គឺហោះមកម្ដងម្កាលប៉ុណ្ណោះ និង បានចុះចតនៅទីតាំងឯកជនទៀត ដូច្នេះ ពួកគេគឺមិនបង្កការប៉ះពាល់អ្វីដល់អ្នកនៅជុំវិញនោះខ្លាំងក្លានោះឡើយ៕
