ពលរដ្ឋម៉ាឡេស៊ី និង សិង្ហបុរីជាង ៤០ នាក់បានមកប្រមូលផ្ដុំគ្នានៅមុខសន្និសីទកាសែតដើម្បីទម្លាយពីផលប៉ះពាល់ដ៏អាក្រក់ដែលពួកគេទទួលបាន ក្រោយប្រើប្រាស់ផលិតផលថែរក្សាសម្រស់ដែលលក់ដោយតារាអ៊ីនធឺណែតជនជាតិម៉ាឡេស៊ីម្នាក់។ ក្នុងផលិតផលថែរក្សាសម្រស់នោះត្រូវបានរកឃើញមានសារធាតុបារតដែលបណ្ដាលឱ្យអ្នកប្រើប្រាស់កើតមានការប៉ះពាល់ដល់សុខភាព។ ក្នុងនោះដែរ ក៏មានរបាយការណ៍អះអាងទៀតថា ស្ត្រីមានផ្ទៃពោះ ១០ នាក់បានរលូតកូន ក្រោយប្រើប្រាស់ផលិតផលនោះផងដែរ។

តាមការបញ្ជាក់ពីវិបសាយផ្លូវការរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា គ្រីមលាបពេលយប់ (night cream) រួមទាំងផលិតផលថែរក្សាសម្រស់ផ្សេងទៀតមកពីក្រុមហ៊ុនតែមួយត្រូវបានប្រកាសហាមប្រាមជាផ្លូវការក្រោយរកឃើញមានលាយសារធាតុបារត។ តាមការរៀបរាប់ពីជនរងគ្រោះម្នាក់ឈ្មោះ Lu មកពីក្រុង Johor Bahru បាននិយាយថា រូបនាងបានចាប់អារម្មណ៍លើផលិតផលនោះតាមរយៈការបង្ហោះរបស់តារាអ៊ីនធឺណែតលើបណ្ដាញសង្គម Instagram ក្នុងឆ្នាំ ២០២១ ហើយពេលនោះក៏បានទិញផលិតផលនោះមួយឈុតប្រើប្រាស់ដំបូងដោយបំណងចង់បំបាត់ស្នាម melisma ដែលមានលើផ្ទៃមុខនាងក្រោយសម្រាលកូនរួច។

ក្រោយសាកល្បងប្រើប្រាស់មួយរយៈ នាងពិតជាមើលឃើញថាទទួលបានប្រសិទ្ធភាពពិតមែន ហើយក៏បន្តប្រើប្រាស់ជារៀងរាល់ថ្ងៃ។ យ៉ាងណាមិញ ក្រោយនាងឈប់ប្រើប្រាស់ផលិតផលនោះ ស្រាប់តែមុខរបស់នាងក៏កើតមានប្រតិកម្មដូចជាចេញស្នាមក្រហម ហើម និង រមាស់ពេញផ្ទៃមុខ។ ដោយគ្មានជម្រើស នាងត្រូវបង្ខំបន្តទិញផលិតផលនោះមកប្រើប្រាស់ជាប់ចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៣។
ដោយឡែក ជនរងគ្រោះម្នាក់ទៀតសុំមិនបញ្ចេញឈ្មោះបានលើកឡើងដែរថា នាងត្រូវបានរលូតកូនក្នុងផ្ទៃ (កូនបាន ១២ សប្ដាហ៍) ក្រោយប្រើប្រាស់ផលិតផលសម្រស់នោះដូចគ្នា។ នាងបានរៀបរាប់ថា៖ «ខ្ញុំមិនប្រាកដ ១០០% ទេថា កូនក្នុងផ្ទៃខ្ញុំលែងលូតលាស់ដោយសារតែសារធាតុបារតក្នុងផលិតផលនោះ ប៉ុន្តែខ្ញុំជឿថាសារធាតុអាក្រក់នៃបារតនោះគឺគ្រប់គ្រាន់នឹងប៉ះពាល់ដល់ការលូតលាស់ រួមទាំងសុខភាពនៃកូនៗក្នុងផ្ទៃស្ត្រីជាម្ដាយបាន»៕

ប្រភព៖ World Of Buzz