ថ្មីៗនេះ រឿងរ៉ាវករណីចាប់ខ្លួន និង សម្លាប់យ៉ាងព្រៃផ្សៃទៅលើអតីតបវរកញ្ញាប្រទេសហ្វីលីពីន នាង Acquene Arradaza បានធ្វើឱ្យសាធារណជនក្នុងប្រទេសជាច្រើនមានការតក់ស្លុតជាខ្លាំង។ តាមការឱ្យដឹង នាង Acquene Arradaza កើតក្នុងឆ្នាំ ១៩៩០ បានឈ្នះមកុដការប្រកួតបវរកញ្ញាក្នុងតំបន់ Miss Matag-ob ក្នុងឆ្នាំ ២០១២។ នាងបានផ្ទុះប្រជាប្រិយភាពមានគេស្គាល់ច្រើន ដោយបង្ហាញខ្លួនតាមកម្មវិធីកម្សាន្តនានាក្នុងតំបន់ ក៏ដូចជាចូលរួមក្នុងកម្មវិធីបង្ហាញម៉ូដជាច្រើនផងដែរ។

យ៉ាងណាមិញ ក្រោយមកនាងក៏បានបោះបង់អាជីពដ៏ល្បីល្បាញមួយនេះ មកចាយជីវិតជាអ្នកថែទាំផ្ទាល់ខ្លួន។ តាមមិត្តជិតស្និទ្ធរបស់នាងបានទម្លាយឱ្យដឹងថា Arradaza ជាស្ត្រីមេម៉ាយកូន ៣ ហើយបើទោះជាជីវិតមិនងាយស្រួលមែន ប៉ុន្តែនាងគឺជាម្ដាយដ៏រឹងមាំ តែងតែប្រឹងប្រែងធ្វើការងារ និង ចិញ្ចឹមបីបាច់កូនៗបានដោយល្អ។

ខ្សែជីវិតរបស់នាង Arradaza ពិតជាអភ័ព្វតាំងពីនៅមានជីវិតរហូតដល់ស្លាប់ ជាក់ស្ដែងកាលពីឆ្នាំទៅ ប្អូនប្រុសរបស់នាងឈ្មោះ Eros Arradaza អាយុ ៣០ ឆ្នាំ បានស្លាប់ក្នុងការបាញ់ប្រហារជាមួយប៉ូលិសខណៈត្រូវបានតាមចាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋគ្រឿងញៀន។

ដោយឡែក ក្នុងឆ្នាំ ២០២៥ នេះ Arradaza ក៏ត្រូវអស់អាយុជីវិតទៅតាមប្អូនប្រុសដោយស្នាដៃជនដៃដល់ចំនួន ៣ រូប ដែលបានចាប់ខ្លួននាងទៅ រួចសម្លាប់ចោលបោះចូលសមុទ្រទាំងមិនទាន់រកមូលហេតុឃើញ។ ជុំវិញករណីឃាតកម្មលើកូនស្រី អ្នកស្រី Vilma Arradaza ដែលជាម្ដាយ បានអំពាវនាវទាមទាររកយុត្តិធម៌ឱ្យកូនស្រី និង សង្ឃឹមខាងអ្នកនយោបាយនៅហ្វីលីពីនជួយស៊ើបករណីនេះផងដែរ៕


