ថ្មីៗនេះ ករណីដ៏ហួសចិត្តមួយកំពុងធ្វើឱ្យអ្នកលេងបណ្ដាញសង្គមជាច្រើនក្នុងប្រទេសចិនផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ដោយមានបុរសជនជាតិចិនម្នាក់បានជួបគ្រោះថ្នាក់ធ្លាក់ចូលអណ្ដូងគេបោះបង់ចោលក្នុងប្រទេសថៃ ដោយជាប់គាំងក្នុងអណ្ដូងនោះរហូតដល់ទៅ ៣ ថ្ងៃបើទោះជាប្រឹងស្រែកឱ្យគេជួយយ៉ាងណាក៏ដោយ ក៏ព្រោះតែអ្នកភូមិនៅទីនោះនាំគ្នាខ្លាចគិតស្មានថាជាសំឡេងខ្មោចលង។

តាមការចេញផ្សាយរបស់សារព័ត៌មាន The Universal Daily News ក្នុងប្រទេសថៃបានឱ្យដឹងថា កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ ប៉ូលិសតំបន់នៅក្រុង Mae Sot ខេត្ត Tak ប្រទេសថៃ ត្រូវបានអ្នកភូមិរាយការណ៍ថាពួកគេបានឮសំឡេងយំថ្ងូរចម្លែកចេញពីព្រៃដាច់ស្រយាលក្បែរនោះ។
ប៉ូលិស និង ក្រុមសង្គ្រោះក៏បានចុះអន្តរាគមន៍ទៅកាន់ទីតាំងព្រៃដែលពលរដ្ឋរាយការណ៍ប្រាប់នោះដើម្បីស៊ើបអង្កេត។ ទៅដល់ទីនោះ ពួកគេព្យាយាមស្រែកហៅ ហើយក៏ភ្ញាក់ផ្អើលពេលទទួលបានសំឡេងឆ្លើយតបមកវិញ។ ពួកគេព្យាយាមដើរទៅតាមសំឡេងដែលឆ្លើយតបនោះ ហើយក៏រកឃើញបុរសជនជាតិចិនម្នាក់កំពុងជាប់នៅបាតអណ្ដូងជម្រៅ ១២ ម៉ែត្រមួយដែលបោះបង់ចោលក្នុងព្រៃនោះ។ ក្រុមសង្គ្រោះបានធ្វើប្រតិបត្តិសង្គ្រោះរយៈពេល ៣០ នាទីទើបជួយជនរងគ្រោះចេញពីអណ្ដូងវិញបាន។ បុរសរូបនោះមានសភាពខ្សោយខ្លាំងមែនទែន និង រងរបួសធ្ងន់ធ្ងរផងដែរ ដោយ-កដៃខាងឆ្វេងរបស់លោកបានបាក់ ក្បាលរងការប៉ះទង្គិច និង មានស្នាមជាំពាសពេញទាំងខ្លួន។

តាមសម្ដីជនរងគ្រោះប្រាប់តាមរយៈអ្នកបកប្រែបានឱ្យដឹងថា លោកមានឈ្មោះថា Liu Chuanyi អាយុ ២២ ឆ្នាំ បានជាប់ក្នុងអណ្ដូងនោះដាច់បាយដាច់ទឹករយៈពេល ៣ ថ្ងៃ ៣ យប់ទៅហើយ។ ដោយការរក្សាកម្លាំងខ្លះ លោកព្យាយាមស្រែកឱ្យគេជួយក្នុងពេល ១ ម៉ោងម្ដងតែប៉ុណ្ណោះ។ ដោយឡែក បើតាមសម្ដីអ្នកភូមិវិញ ពួកគេបាននិយាយថាពួកគេបានឮសំឡេងយំចម្លែកចេញពីព្រៃតាំងពី ៣ ថ្ងៃមុន ជាពិសេសនោះពេលយប់សំឡេងនោះឮកាន់តែខ្លាំងក្រលួចទៅៗគួរឱ្យខ្លាច។ ដោយគិតថាជាសំឡេងខ្មោចលង ពួកគេមិនហ៊ានចេញក្រៅពេលយប់នោះឡើយ ហើយក៏មិនហ៊ានទៅរកមើលប្រភពសំឡេងនោះដែរ។

បច្ចុប្បន្ន ជនរងគ្រោះជាជនជាតិចិនរូបនោះមានរួចផុតពីគ្រោះថ្នាក់ហើយ និង ចំពោះការធ្លាក់ចូលអណ្ដូងនោះ ខាងក្រុមសង្គ្រោះសង្ស័យថារូបគេអាចនឹងដើរលេងចូលទៅក្នុងព្រៃនោះហើយក៏ធ្លាក់ចូលអណ្ដូងដោយចៃដន្យពេលដែលដើររកផ្លូវចេញពីព្រៃមកវិញ៕
ប្រភព៖ SCMP