តាមការបញ្ជាក់ពីមេដឹកនាំប្រទេសមីយ៉ាន់ម៉ា លោក Min Aung Hlaing បានឱ្យដឹងនៅថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៥ នេះថា ជនរងគ្រោះដែលបានស្លាប់ដោយគ្រោះរញ្ជួយដីក្នុងប្រទេសបានកើនដល់ ២៧១៩ នាក់ហើយ ខណៈអ្នករងរបួសមានចំនួន ៤៥២១ នាក់ និង ជាង ៤០០ នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅឡើយ។
លោក Min Aung Hlaing បានឱ្យដឹងទៀតថា ចំនួនអ្នកស្លាប់អាចកើនដល់ ៣ ពាន់នាក់ ខណៈក្រុមសង្គ្រោះនៅស្វះស្វែងបន្តរុករកតាមក្រុង និង ភូមិដែលរងគ្រោះដោយគ្រោះធម្មជាតិដ៏កំណាចនេះ។
ប្រទេសមីយ៉ាន់ម៉ានៅថ្ងៃនេះ បានធ្វើការស្មឹងស្មាធិ៍រយៈពេលមួយនាទីជាមួយសំឡេងសារ៉ែនបន្លឺឡើងទូទាំងប្រទេសនៅម៉ោង ១២ និង ៥១ នាទី ០២ វិនាទី (ពេលវេលាក្នុងតំបន់) ដែលត្រូវនឹងពេលវេលាគ្រោះរញ្ជួយដីកើតមានឡើងកាលពីថ្ងៃទី ២៨ ខែមីនាកន្លងទៅនោះ ដើម្បីជាការនឹករឭកដល់ជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍នោះ។
អំឡុងពេលស្មឹងស្មាធិ៍នោះដែរ សកម្មភាពទាំងឡាយទូទាំងប្រទេសត្រូវបានបញ្ឈប់សិន។ ជាក់ស្ដែង នៅខាងក្រៅម្ដុំអាផាតមិន Sky Villa ដែលជាទីតាំងមួយក្នុងចំណោមទីតាំងដែលរងគ្រោះជាងគេនៅក្រុង Mandalay ក្រុមរុករក និង សង្គ្រោះបាននាំគ្នាផ្អាកការងារ មកឈរតម្រង់ជួរគ្នាដាក់ដៃទៅក្រោយខ្នងដើម្បីសម្ដែងការកាន់ទុក្ខ និង គោរពដល់វិញ្ញាណក្ខន្ធជនរងគ្រោះដែលបានស្លាប់៕