ប្រទេសចិន នឹងសម្រេចធ្វើការដំឡើងពន្ធទៅលើថ្នាំ និង ផលិតផលពន្យាកំណើត រួមទាំងស្រោមអនាម័យផងដែរ ក្នុងគោលបំណងឱ្យពលរដ្ឋយកកូនឱ្យបានច្រើន ទប់ស្កាត់ការធ្លាក់ចុះខ្លាំងនៃអត្រាកំណើតនៅក្នុងប្រទេស។

ក្រោមច្បាប់កែប្រែអាករបន្ថែម (VAT) អតិថិជនទាំងអស់ដែលចង់ទិញផលិតផលដែលបានរៀបរាប់ខាងលើនេះ នឹងត្រូវបង់ថ្លៃពន្ធបន្ថែមចំនួន ១៣% ទាំងដែលផលិតផលទាំងនេះមិនធ្លាប់គិតពន្ធឡើយតាំងពីឆ្នាំ ១៩៩៣ មក។ អមជាមួយការដំឡើងពន្ធលើផលិតផលពន្យាកំណើតនេះដែរ វិសោធនកម្មច្បាប់ក៏បានដាក់ចេញគោលការណ៍ផ្ដល់ប្រាក់បន្ថែមថ្មីដល់គូស្នេហ៍ដែលរំពឹងចង់កូន ហើយចំពោះសេវាកម្មថែទាំក្មេងវិញ រាប់ចាប់ពីការថែទាំទារក និង ថ្នាក់មតេយ្យ រហូតដល់មណ្ឌលថែទាំមនុស្សចាស់ អង្គភាពគាំទ្រសម្រាប់ជនពិការ រួមទាំងសេវាកម្មដែលទាក់ទងនឹងអាពាហ៍ពិពាហ៍ ក៏នឹងត្រូវលើកលែងពន្ធដែរ ដោយចាប់អនុវត្តពីខែមករា ឆ្នាំ ២០២៦ ទៅ។

គោលការណ៍ថ្មីនេះដែរ ឆ្លុះបញ្ចាំងពីការផ្លាស់ប្ដូរយ៉ាងសំខាន់លើគោលនយោបាយប្រជាជនក្នុងប្រទេសចិន ខណៈប្រជាជនមានវ័យចំណាស់កាន់តែកើនឡើង ដោយសារតែការមិនចង់យកកូន ឱ្យលើកទឹកចិត្តយកកូនឱ្យបានច្រើនវិញ។ គួរបញ្ជាក់ថា ចំនួនប្រជាជនក្នុងប្រទេសចិនបានធ្លាក់ចុះរយៈពេល ៣ ឆ្នាំជាប់ៗគ្នា ដោយចំនួនទារកកើនបានត្រឹម ៩.៥៤ លាននាក់ប៉ុណ្ណោះក្នុងឆ្នាំ ២០២៤ ដែលតិចជាងសឹងពាក់កណ្ដាលនៃចំនួន ១៨.៨ លាននាក់នៃកំណត់ត្រាកាលពី ១០ ឆ្នាំមុន៕

