សារព័ត៌មាន Mainichi កាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៥ កន្លងទៅបានចេញផ្សាយថា ព្រលានយន្តហោះអន្តរជាតិ Saga នាកោះ Kyushu ប្រទេសជប៉ុន ថ្មីៗនេះបានធ្វើការដំឡើងទូច្រៀងខារ៉ាអូខេហៅថា Saga no Sora នៅកន្លែងរង់ចាំជើងហោះហើរ ដើម្បីសម្រាប់ឱ្យអ្នកដំណើរដែលរង់ចាំជើងហោះហើរយូរមានការអផ្សុកធុញអាចច្រៀងកម្សាន្តអារម្មណ៍បាន។
ក្នុងទូខារ៉ាអូខេនោះដែរ មានមៃក្រូចំនួន ២ និង កាសពាក់ត្រចៀកចំនួន ៤ ដោយអ្នកដំណើរដែលចង់ច្រៀងកម្សាន្តគឺចំណាយប្រាក់ត្រឹម ១០០ យេន (០.៦៤ សេន) ប៉ុណ្ណោះក្នុងមួយបទចម្រៀង។
តាមសម្ដីអ្នកដំណើរម្នាក់ដែលបានច្រៀងចម្រៀងរួមគ្នាជាមួយមិត្តភក្តិរបស់លោកក្នុងទូខារ៉ាអូខេនោះបានបង្ហាញអារម្មណ៍ថា៖ <<វាពិតជាសប្បាយណាស់ ខ្ញុំនឹងណែនាំទូខារ៉ាអូខេនេះទៅកាន់មនុស្សផ្សេងទៀត>>។
គួរបញ្ជាក់ថា ក្រុមហ៊ុននៅជប៉ុនជាច្រើនបានធ្វើការដំឡើងទូខារ៉ាអូខេរាប់រយនៅតាមផ្សារទំនើប ស្ថានីយរថភ្លើង និង ទីតាំងមួយចំនួនផ្សេងទៀតតាំងពីឆ្នាំ ២០១៩ មកម៉្លេះ តែយ៉ាងណាមិញ ការដំឡើងទូខារ៉ាអូខេនៅព្រលានយន្តហោះនេះ គឺជាលើកដំបូងបំផុតហើយ៕
ប្រភព៖ VN Express