ថ្មីៗនេះ បុរសជនជាតិថៃម្នាក់ត្រូវអស់ជីវិត ក្រោយមិនស្ដាប់ការហាមប្រាមរបស់ប្រពន្ធនៅតែចចែសជិះម៉ូតូទៅស្រែទាំងមេឃកំពុងភ្លៀង។ តាមសារព័ត៌មានថៃ The Thaiger បានឱ្យដឹងថា ហេតុការណ៍ដ៏តក់ស្លុតមួយនេះបានកើតមានឡើងកាលពីថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅ នៅសង្កាត់ Mueang ខេត្ត Buriram ប្រទេសថៃ។
ជនរងគ្រោះត្រូវបានស្គាល់ឈ្មោះថា Amnat អាយុ ៦១ ឆ្នាំ ត្រូវបានប្រទះឃើញស្លាប់ក្បែរម៉ូតូរបស់គាត់នៅចំការអំពៅ ដោយមូលហេតុស្លាប់ត្រូវគេជឿថាដោយសាររន្ទះបាញ់។ សពជនរងគ្រោះបានប្រទះឃើញនៅម៉ោងប្រមាណជា ៨ ព្រឹក ដោយទ្រព្យសម្បត្តិជាប់នៅខ្លួនអ្នកស្លាប់ ប៉ូលិសរកឃើញត្រឹមតែទូរស័ព្ទមួយគ្រឿងប៉ុណ្ណោះ។
តាមការរៀបរាប់ពីប្រពន្ធជនរងគ្រោះបាននិយាយថា រូបគាត់បានព្រមានប្ដីដែរថាកុំឱ្យចេញទៅទាំងមេឃភ្លៀង តែជនរងគ្រោះនៅតែទៅដដែល ហើយគាត់ក៏មិននឹកស្មានថានេះជាលើកចុងក្រោយដែលគាត់បានឃើញមុខប្ដីដែរ។ សពជនរងគ្រោះបានយកមកដល់ផ្ទះ ដោយក្រុមគ្រួសាររៀបចំធ្វើបុណ្យទៅតាមប្រពៃណី៕