កាលពីថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅ (ពេលវេលាក្នុងតំបន់) ប្រទេសតួកគីបានរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៦.១ រ៉ិចទ័រ បង្កជាការខូចខាតអគារផ្ទះសម្បែង និង ស្លាប់របួសមនុស្សជាច្រើននាក់ផ្សេងទៀត។
រូបភាព៖ AP
តាមការបញ្ជាក់ពីខាងមន្ត្រីក្នុងតំបន់បានឱ្យដឹងថា គ្រោះរញ្ជួយដីខាងលើនេះបានរញ្ជួយដល់ទីក្រុងមួយចំនួននៅភាគខាងលិចប្រទេសតួកគី ក្នុងនោះរួមមានក្រុង Istanbul និង ក្រុង Izmir ដែលជាគោលដៅទេសចរណ៍ដ៏ល្បីក្នុងប្រទេសផងដែរ។ តាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយប្រចាំប្រទេសតួកគី (AFAD) គ្រោះរញ្ជួយដីនេះមានកម្រិត ៦.១ រ៉ិចទ័រ និង ជម្រៅ ១១ គីឡូម៉ែត្រ។
រូបភាព៖ AFP
គ្រោះធម្មជាតិមួយនេះបានកើតឡើងនៅវេលាម៉ោង ៧ និង ៥៤ នាទីយប់ (ពេលវេលាក្នុងតំបន់) ដោយមានការរញ្ជួយកម្រិត ៤.៦ រ៉ិចទ័រ ត្រឹមប៉ុន្មាននាទីក្រោយទៀត។ «ក្រុមការងារ AFAD និង ទីភ្នាក់ងារពាក់ព័ន្ធមួយចំនួនទៀតបានចាប់ផ្ដើមការរុករកជនរងគ្រោះភ្លាមៗនៅទីតាំងដែលរងការប៉ះពាល់។ ក្នុងនោះ មនុស្សម្នាក់បានបាត់បង់ជីវិត ខណៈ ២៩ នាក់ផ្សេងទៀតរងរបួស ហើយអគារចំនួន ១៦ ខ្នងបានបាក់រលំ» នេះបើតាមការបញ្ជាក់ពីលោក Ali Yerlikaya រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រចាំប្រទេសតួកគី៕
រូបភាព៖ AFP