ពេលនេះប្រទេសថៃកំពុងកាន់ទុក្ខ ក្រោយការិយាល័យព្រះបរមរាជវាំងថៃ បានប្រកាសថាព្រះមហាក្សត្រីយានី ស៊ីរិគិត ដែលជាព្រះមាតាបង្កើតរបស់ស្តេចថៃ បានសោយទីវង្គតក្នុងព្រះជន្ម ៩៣ ព្រះវស្សា នៅវេលាម៉ោង ៩ និង ២១ នាទីយប់ កាលពីថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅនេះ។


តាមព័ត៌មានបានឱ្យដឹងថា ព្រះមហាក្សត្រីយានី ស៊ីរិគិត បានសម្រាកព្យាបាលព្រះកាយនៅមន្ទីរពេទ្យជូឡាឡុងកន សមាគមកាកបាទក្រហមថៃ តាំងពីឆ្នាំ ២០១៩ កន្លងទៅម្ល៉េះ ហើយចាប់ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៥ មកនេះ អាការរបស់ទ្រង់ក៏កាន់តែធ្ងន់ធ្ងរទៅៗ ដោយសារការឆ្លងមេរោគឈាម។


ដោយឡែក បើចាប់អារម្មណ៍ទៅ ព្រះមហាក្សត្រីយានី ស៊ីរិគិត ទ្រង់បានសោយទិវង្គតក្នុងខែតែមួយគឺខែតុលាដូចនឹងព្រះស្វាមី ដែលជាអតីតព្រះមហាក្សត្រថៃ ព្រះនាម ភូមិវិបុលអាឌុលយ៉ាដេត ឬ ស្តេចរាមាទី ៩។

គួររំឭកថា អតីតព្រះមហាក្សត្រថៃ ភូមិវិបុលអាឌុលយ៉ាដេត ដែលជាព្រះបិតាស្តេចថៃបច្ចុប្បន្នបានសោយរាជ្យយូរជាងគេបំផុតនៅលើពិភពលោក និង បានសោយទិវង្គតនៅក្នុងមន្ទីរពេទ្យ Siriraj ក្រុងបាងកក នាថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០១៦ ក្នុងព្រះជន្ម ៨៨ ព្រះវស្សា៕

