ករណីជីករករ៉ែមាសខុសច្បាប់ បានបំផ្លាញផ្ទៃដីប្រមាណ ១៤ ម៉ឺនហិកតានៃព្រៃអាម៉ាហ្សូននាប្រទេសប៉េរ៉ូ ដែលជាស្ថានភាពធ្ងន់ធ្ងរក្រោមស្នាដៃក្រុមប្រដាប់អាវុធបរទេស ផ្លាស់ទីទៅកាន់តំបន់នោះដើម្បីរកផលចំណេញពីមាសដែលកំពុងមានតម្លៃហក់ឡើងខ្ពស់នោះ។ នេះបើយោងតាមរបាយការណ៍ព័ត៌មានពី The Guardian។
បានគុណបុណ្យរបស់ផ្កាយរណបទំនើប Amazon Andes Project Monitor ដែលបានថតជាប់ទីតាំងឈូសឆាយ បង្ហាញឱ្យឃើញយ៉ាងច្បាស់នូវតំបន់ព្រៃឈើត្រូវបានបំផ្លាញ បូករួមទាំងកំណត់បានអត្តសញ្ញាណក្រុមដែលជីកយករ៉ែមាសនោះថែមទៀត។
បើតាមទិន្នន័យបានបង្ហាញថា ការកាប់បំផ្លាញព្រៃឈើនេះ លាតសន្ធឹងទៅភាគខាងជើងប្រទេសប៉េរ៉ូ បង្កជាការខូចខាតយ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន និង ការរស់នៅរបស់ពលរដ្ឋក្នុងតំបន់។
ជាមួយគ្នានេះដែរ ខាងសហគមន៍ជនជាតិដើមភាគតិចនៅតំបន់ព្រៃអាម៉ាហ្សូន បានព្រមានថា ខណៈតម្លៃមាសបន្តហក់ឡើងខ្លាំង ក្រុមប្រដាប់អាវុធគឺកាន់តែគឃ្លើនបន្តបំផ្លាញព្រៃឈើ បំពុលទឹកទន្លេ និង ធ្វើឱ្យតំបន់ព្រៃដែលធ្លាប់តែមានសភាពខៀវស្រងាត់ប្រែទៅជាដីវាលត្រងិល។ សកម្មភាពទាំងនេះ គឺបង្កជាបញ្ហាប្រឈមដ៏សំខាន់ចំពោះការខិតខំប្រឹងប្រែងការពារព្រៃឈើ និង ការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុនៅអាមេរិកខាងត្បូង៕
ប្រភព៖ Kenh14