ក្មេងប្រុសអាយុ ១៩ ឆ្នាំម្នាក់នៅប្រទេសចិន ជួបមិត្តស្រីអាយុ ១៧ ឆ្នាំ ដោយគិតថារកឃើញស្នេហាពិតហើយ តែគ្រប់យ៉ាងបែរជាទាញជីវិតឱ្យធ្លាក់ក្នុងនរក ក្រោយមិត្តស្រីវ័យក្មេងរបស់ខ្លួនល្បួងយកទៅលក់ឱ្យក្រុមឆបោកតាមអនឡាញនៅព្រំដែនថៃ-មីយ៉ាន់ម៉ា ក្នុងតម្លៃ ១០ ម៉ឺនយ័ន (ប្រមាណ ១៣ ៩១៨ ដុល្លារ)។
តាមរបាយការណ៍ព័ត៌មានពី 8World News បងស្រីជនរងគ្រោះបានរៀបរាប់ដំណើរដើមទងថា ប្អូនប្រុសរបស់នាងបានជួបមិត្តស្រីរបស់គេនៅទីតាំងកម្សាន្តមួយកាលពីឆ្នាំទៅ ដោយក្មេងស្រីរូបនោះតែងតែតុបតែងខ្លួនសិចស៊ី និង បង្អួតជាមួយកាបូបប្រេនៗដែលមើលទៅទំនងជារបស់កូពីទេ។ ក្មេងស្រីរូបនោះ ថែមទាំងអះអាងទៀតថា ឪពុកម្ដាយនាងគឺជាអ្នកវិនិយោគដែលមានមុខជំនួញនៅប្រទេសមីយ៉ាន់ម៉ា ហើយតែងតែចង់ល្បួងប្អូនប្រុសនាងឱ្យតាមទៅមីយ៉ាន់ម៉ាដើម្បីធ្វើការងារទៀតផង។
បងស្រីរបស់ក្មេងប្រុសជនរងគ្រោះបានបន្ថែមទៀតថា ជនរងគ្រោះមានទម្លាប់ឆាប់លង់ស្រឡាញ់គេណាស់ ដោយមកដល់ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ រូបគេក៏បានធ្វើដំណើរទៅក្រុងបាងកក ប្រទេសថៃ ជាមួយសង្សារដោយមិនបានប្រាប់ក្រុមគ្រួសារឡើយ ហើយគ្រួសារបានដឹងថាគេនៅទីណា គឺតាមរយៈការបង្ហោះលើបណ្ដាញសង្គមប៉ុណ្ណោះ។
យ៉ាងណាមិញ គ្រប់យ៉ាងក៏ប្រែក្លាយទៅជាអាក្រក់នៅពេលដែលក្មេងស្រីរូបនោះបាននាំជនរងគ្រោះទៅកាន់ព្រំដែនថៃ-មីយ៉ាន់ម៉ា។ នាងបានប្រាប់គេថា នាងទៅទទួលនរណាម្នាក់ឱ្យគេរង់ចាំនាងនៅទីនោះសិនហើយ។ ក្មេងស្រីនោះចេញផុតទៅមិនបានប៉ុន្មាន ក៏ស្រាប់តែលេចមុខបុរសមានប្រដាប់អាវុធម្នាក់មកដកហូតយកលិខិតឆ្លងដែន និង ទូរស័ព្ទពីជនរងគ្រោះ រួចបញ្ជូនខ្លួនគេទៅទីតាំងឆបោកតាមអនឡាញ។
នៅទីនោះ ក្បាលរបស់គេត្រូវគេកោរសក់អស់ ហើយរូបគេអាចល្បួងយកទូរស័ព្ទពីអ្នកចាប់ខ្លួនទៅវិញបាន ដោយយកលេសថាយកទូរស័ព្ទលេងហ្គេម និង ឆ្លៀតលួចប្រាប់ដំណឹងនេះទៅកាន់ក្រុមគ្រួសារ។ ជនរងគ្រោះ ត្រូវចំណាយពេលដល់ទៅ ៤ ខែនៅទីនោះ ដោយគេបង្ខំឱ្យធ្វើការពី ១៦ ទៅ ២០ ម៉ោងក្នុងមួយថ្ងៃលើការឆបោកនេះ។ ប្រសិនបើគេធ្វើការមិនបានគ្រប់គោលដៅដែលចង់បាន ជនរងគ្រោះនឹងត្រូវគេធ្វើទារុណកម្មរាងកាយ រួចឃុំក្នុងបន្ទប់តូចងងឹត និង បង្អត់អាហារថែមទៀត។ ដោយការធ្វើទារុណកម្មរាប់ខែ ជនរងគ្រោះក៏ជួបបញ្ហាស្ដាប់អ្វីលែងឮ។
ដោយសារតែនៅតែមិនអាចបំពេញការងារតាមអ្វីដែលគេចង់បាន ជនរងគ្រោះក៏ត្រូវទាមទារឱ្យបង់ថ្លៃសំណងដើម្បីរំដោះខ្លួនឱ្យមានសេរីភាពវិញ។ ខាងក្រុមគ្រួសារនៅចិន បានស្វះស្វែងរកលុយគ្រប់ច្រករហូតបានចំនួន ៣៥ ម៉ឺនយ័ន ហើយក៏សម្រេចទិញយកគេត្រឡប់បានមកវិញនៅខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅ។
ចំពោះនារីវ័យក្មេងជាសង្សារវិញ ក៏ត្រូវបានគេចាប់ខ្លួនផងដែរអំឡុងធ្វើដំណើរត្រឡប់ទៅចិនវិញ ក្រោយចាយពេល ១០ ថ្ងៃនៅថៃ។ ក្រុមគ្រួសារជនរងគ្រោះ សង្ឃឹមថាតុលាការនឹងដាក់ទោសឱ្យធ្ងន់ធ្ងរចំពោះរូបនាង ព្រោះតែនាងបានធ្វើឱ្យជនរងគ្រោះរងទារុណកម្មធ្ងន់ធ្ងរ ទាំងរាយកាយ និង ផ្លូវចិត្ត៕