កាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅ ខាងរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានធ្វើការសម្រេចចិត្តដកហូតសិទ្ធិពីសកលវិទ្យាល័យ Harvard ក្នុងការទទួលនិស្សិតបរទេសតទៅទៀត។
ចំណាត់ការនេះដែរបានធ្វើឡើង ខណៈខាងសកលវិទ្យាល័យមានជម្លោះជាមួយនឹងខាងសេតវិមានជុំវិញមូលនិធិសហព័ន្ធ ក្រោយរដ្ឋបាលលោក ដូណាល់ ត្រាំ បានធ្វើការបង្កកមូលនិធិចំនួន ២.២ ពាន់លានដុល្លារកាលពីខែមុន នៅពេលដែលខាង Harvard លើកឡើងថាពួកគេមិនអាចបំពេញតាមការទាមទាររបស់ខាងសេតវិមានបាន ដោយក្នុងនោះរួមបញ្ចូលទាំងការចង់កែទម្រង់កម្មវិធីនិស្សិតអន្តរជាតិរបស់ខ្លួន។
គួរឱ្យដឹងថា Harvard គឺជាស្ថាប័នសិក្សាដំបូងគេដែលបានប្រឆាំងនឹងការផ្លាស់ប្ដូរគោលនយោបាយសំខាន់ៗដែលទាមទារដោយរដ្ឋបាលលោក ត្រាំ សម្រាប់សកលវិទ្យាល័យកំពូលៗនៅសហរដ្ឋអាមេរិក។ ខាងសកលវិទ្យាល័យនេះដែរ បានចាត់ទុកចំណាត់ការហាមប្រាមការទទួលនិស្សិតបរទេសនេះជា «ទង្វើខុសច្បាប់»។
គួរបញ្ជាក់ថា និស្សិតបរទេសចំនួន ៦៧៩៣ នាក់នឹងត្រូវចុះឈ្មោះចូលរៀនសកលវិទ្យាល័យ Harvard ក្នុងឆ្នាំសិក្សា ២០២៤-២០២៥ ដែលស្មើប្រមាណ ២៧% នៃការចុះឈ្មោះចូលរៀនសរុបក្នុងសាលា។ ខាងសាលាបានលើកឡើងដែរថា ការសម្រេចចិត្តដ៏ភ្ញាក់ផ្អើលខាងលើនេះដែរ នឹងបង្កការប៉ះពាល់យ៉ាងខ្លាំងដល់សហគមន៍របស់ខ្លួនដែលមាននិស្សិតអន្តរជាតិសរុបចំនួន ៩៩៧០ នាក់នោះ៕