ដូចប្រិយមិត្តនិយមទស្សនាខ្សែភាពយន្តចិនបានដឹងរួចមកហើយ កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅ មានព័ត៌មានដ៏តក់ស្លុតដោយតារាសម្ដែងប្រុស Yu Menglong បានធ្លាក់ពីលើអគាររហូតបាត់បង់ជីវិត។ យ៉ាងណាមិញ ជុំវិញករណីមួយនេះ បើទោះជាខាងអាជ្ញាធរថាមិនមែនជាករណីឃាតកម្មក៏ពិតមែន ប៉ុន្តែមហាជនជាច្រើននៅតែមិនអស់ចិត្ត ព្រោះតែមានវីដេអូ រូបភាព និង រឿងរ៉ាវចចាមអារ៉ាមជាច្រើនលើកឡើងថា Menglong គឺត្រូវគេធ្វើបាបរហូតដល់បាត់បង់ជីវិត។
ជាក់ស្ដែង ថ្មីៗនេះ Youtuber ចិនម្នាក់ឈ្មោះ Li Muyang បានចេញមកអះអាងថា លោកត្រូវបានបុគ្គលម្នាក់ទាក់ទងមកប្រាប់ថា រូបគេបានចំណាយប្រាក់ដល់ ១០ ម៉ឺនដុល្លារ ដើម្បីទិញយកវីដេអូភស្តុតាងមួយពីវិបសាយងងឹត (Dark Web) ដែលបង្ហាញពីសកម្មភាពធ្វើទារុណកម្ម និង សម្លាប់លើតារាសម្ដែងប្រុស Yu Menglong។
តាមប្រភពនោះបានរៀបរាប់ថា តារាប្រុស Menglong គឺត្រូវមនុស្សជាច្រើនប្រើប្រាស់ហិង្សាលើយ៉ាងឃោរឃៅក្នុងយប់ដែលលោកបាត់បង់ជីវិតនោះ។ ឆ្កែចិញ្ចឹមរបស់លោកមួយក្បាលឈ្មោះ Fuli ក៏មានវត្តមានអំឡុងពេលកើតហេតុនោះដែរ។ លោក Li Muyang បានបញ្ជាក់ទៀតថា វីដេអូដែលទិញបាននោះដែរ ឥលូវនេះត្រូវបានប្រគល់ទៅឱ្យភ្នាក់ងារ FBI ទុកជាភស្តុតាងហើយ និង មិនអាចបញ្ចេញជាសាធារណៈបានឡើយ។
Youtuber លោក Li Muyang បានរៀបរាប់បន្ថែមប្រាប់អ្នកលេងតាមបណ្ដាញសង្គមទៀតថា៖ «វីដេអូដែលខ្ញុំបានឃើញ គឺបង្ហាញពី Yu Menglong ត្រូវបានទម្លាក់មកក្រោមឱ្យស្លាប់។ ទីតាំងគឺមិនប្ដូរឡើយ វាដូចគ្នានឹងទីតាំងដែល Fuli ត្រូវគេវាយវាឱ្យងាប់ដូចគ្នា»។ ជាមួយគ្នានោះ បើតាមជនអនាមិកចេញមកអះអាងបន្ថែមថា អំឡុងពេលគេវាយធ្វើបាប Yu Menglong នោះ Fuli បានព្រុសខ្លាំងដូចចង់ការពារម្ចាស់ខ្លួន ហើយពេលនោះហើយមានបុគ្គលម្នាក់សក់ពណ៌ផ្កាឈូកក៏លេចមុខឡើង រួមជាមួយនឹងតារាសម្ដែង Song Yiren និង Fan Shiqi វាយប្រហារលើ Fuli តែម្ដង។
ប្រភពដដែលបានឱ្យដឹងទៀតថា មុនពេលបោះទម្លាក់ចុះពីលើអគារ Menglong គឺនៅមានជីវិតនៅឡើយទេ ប៉ុន្តែមុខមាត់របស់លោកត្រូវគេវាយឡើងមើលលែងយល់ទៅហើយ។ គួរបញ្ជាក់ថា មកទល់ពេលនេះ មូលហេតុស្លាប់របស់តារាប្រុស Yu Menglong នៅតែដូចការរាយការណ៍ដំបូងរបស់អាជ្ញាធរចិនដដែល ហើយចំពោះវីដេអូ និង ការលើកឡើងអះអាងពីជនអនាមិកតាមបណ្ដាញសង្គម គឺនៅតែមិនទាន់បានផ្ទៀងផ្ទាត់យកជាការបាននៅឡើយនោះទេ។ លើសពីនេះ ចំពោះការលើកឡើងរបស់ប្រភពខាងលើ ថាវីដេអូភស្តុតាងត្រូវបានផ្ញើទៅឱ្យភ្នាក់ងាររបស់អាមេរិករួចហើយនោះ ក៏មិនទាន់មានការបញ្ជាក់ថាពិតប្រាកដ ឬក៏យ៉ាងណាដូចគ្នា៕
ប្រភព៖ 8days