សារព័ត៌មាន CBS News បានចេញផ្សាយនូវការសិក្សាមួយដែលទម្លាយថា ភាគច្រើននៃអ្នកចិញ្ចឹមឆ្កែនៅអាមេរិកគឺសុខចិត្តបញ្ចប់ទំនាក់ទំនងស្នេហារបស់ពួកគេ ប្រសិនបើសត្វឆ្កែដែលពួកគេចិញ្ចឹមមិនពេញចិត្តដៃគូម្ខាងទៀត។
ការសិក្សានោះដែរធ្វើឡើងដោយ Rover.com ដោយគេឱ្យឈ្មោះថា «The Truth About Dog People» បានធ្វើការវាយតម្លៃលើការឆ្លើយតបរបស់អ្នកចិញ្ចឹមឆ្កែរាប់ពាន់នាក់ចាប់ពីឆ្នាំ ២០១៥ ដល់ ២០១៧។ តាមទិន្នន័យបានបង្ហាញថា ទំនាក់ទំនងរវាងមនុស្ស និង ឆ្កែ បានវិវត្តន៍ពីភាពជិតស្និទ្ធរវាងម្ចាស់ និង ឆ្កែ ទៅជាកាន់តែជិតស្និទ្ធខ្លាំងដូចជាសាច់ញាតិគ្នា។
ក្នុងការសិក្សានោះដែរ ខាង Rover.com បានលើកឡើងថា ៥៤% នៃម្ចាស់ឆ្កែគឺស្ម័គ្រព្រមបញ្ចប់ចំណងស្នេហ៍ជាមួយដៃគូរបស់ពួកគេ ប្រសិនបើសត្វឆ្កែចិញ្ចឹមរបស់ខ្លួនមិនពេញចិត្តដៃគូម្ខាងទៀត។ តាមការលើកឡើងរបស់ Brandie Gonzales អ្នកជំនាញ lifestyle របស់សត្វចិញ្ចឹមឱ្យខាង Rover បានរៀបរាប់ថា៖ «យុវវ័យនៅអាមេរិកគឺភាគច្រើនមិនខ្វល់រឿងចង់បានផ្ទះជារបស់ខ្លួនឯង ឬចង់ក្លាយជាឪពុកម្ដាយគេដូចទៅនឹងជំនាន់ចាស់ៗមុនៗឡើយ ប៉ុន្តែកត្តាមួយដែលពួកគេចង់ធ្វើនោះគឺជាម្ចាស់របស់សត្វចិញ្ចឹម។ ពួកគេងូតទឹកឱ្យឆ្កែដោយយកចិត្តទុកដាក់ ជះលុយទិញកាដូថ្លៃៗឱ្យពួកវាក៏ព្រោះតែឆ្កែរបស់ពួកគេគឺជាមិត្តជិតស្និទ្ធបំផុតរបស់គេ»។
Danielle Adinofi អ្នកជំនាញព្យាបាលផ្នែកគ្រួសារ និង អាពាហ៍ពិពាហ៍ បាននិយាយដែរថា ការបែកគ្នាដោយសារតែសត្វឆ្កែគឺកាន់តែក្លាយជារឿងធម្មតាទៅៗហើយ។ នាងបានបកស្រាយថា៖ «មនុស្សបានពឹងផ្អែកលើសត្វឆ្កែចិញ្ចឹមរបស់ពួកគេក្នុងការវាយតម្លៃបុគ្គលិកលក្ខណៈដៃគូ ថាមើលទៅពួកគេស័ក្តិសមចុះសម្រុងគ្នាឬអត់»។
អ្នកស្រាវជ្រាវថែមទាំងបានរកឃើញទៀតថា មួយក្នុងចំណោម ៤ នាក់នៃអ្នកចិញ្ចឹមសត្វ គឺតែងយកសត្វចិញ្ចឹមពួកគេរាល់ពេលណាត់ជួបគូស្នេហ៍ ហើយ ៦៥% នៃអ្នកទាំងនោះក៏ទទួលស្គាល់ថា ពួកគេថតរូបឆ្កែរបស់ពួកគេច្រើនជាងរូបភាពគូស្នេហ៍របស់ខ្លួនទៀតផង។ Rover.com បានបន្ថែមទៀតថា ៥៦% នៃអ្នកចិញ្ចឹមឆ្កែគឺតែងនិយាយស្វាគមន៍ទៅកាន់សត្វឆ្កែរបស់ពួកគេមុន រាល់ពេលត្រឡប់មកផ្ទះ មុនពេលទៅនិយាយរាក់ទាក់ដាក់សមាជិកដទៃក្នុងគ្រួសារ៕
ប្រភព៖ CBS News