មានករណីលែងលះជាប្រវត្តិសាស្ត្រដំបូងក្នុងប្រទេសតួកគី ដោយបុរសម្នាក់យល់ព្រមផ្គត់ផ្គង់អាហារកិច្ចដល់ឆ្មាចិញ្ចឹម ២ ក្បាល តាមការទាមទាររបស់អតីតប្រពន្ធ។

ករណីដ៏ថ្មីដំបូងខាងលើនេះ គឺពាក់ព័ន្ធនឹងបុរសម្នាក់ឈ្មោះ Bugra B. ដែលដាក់ពាក្យលែងលះគ្នាជាមួយប្រពន្ធឈ្មោះ Ezgi B. ក្រោយរួមរស់ជាប្ដីប្រពន្ធនឹងគ្នារយៈពេល ២ ឆ្នាំ មានភាពមិនចុះសម្រុងគ្នាខ្លាំង។ លើកិច្ចព្រមព្រៀងលែងលះគ្នានោះ ពួកគេទាំងពីរយល់ព្រមបញ្ចប់ជីវិតប្ដីប្រពន្ធជាមួយគ្នា ដោយអតីតប្ដីយល់ព្រមបង់ថ្លៃសំណងចំនួន ៥៥ ម៉ឺនលីរ៉ា (១៣ ១០៤ ដុល្លារ) ឱ្យទៅខាងអតីតប្រពន្ធ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះ ក្នុងកិច្ចព្រមព្រៀងនោះដែរក៏មានលើកឡើងពីការបង់ថ្លៃអាហារកិច្ចចិញ្ចឹមឆ្មាចំនួន ២ ក្បាលដែលពួកគេធ្លាប់ចិញ្ចឹមរួមគ្នាផងដែរ។ តាមក្រដាសព្រមព្រៀងគ្នា សត្វឆ្មាទាំងពីរក្បាលនោះនឹងស្ថិតក្រោមការមើលថែរបស់ភាគីខាងប្រពន្ធ ខណៈភាគីខាងប្ដីនឹងត្រូវបង់ថ្លៃអាហារកិច្ចចំនួន ១ ម៉ឺនលីរ៉ា (២៣៨ ដុល្លារ) រាល់ ៣ ខែម្ដង រយៈពេល ១០ ឆ្នាំ ហើយថ្លៃអាហារកិច្ចនេះដែរ នឹងកើនឡើងរាល់ឆ្នាំទៅតាមសន្ទស្សន៍តម្លៃទំនិញដែលចេញដោយវិទ្យាស្ថានស្ថិតិប្រចាំប្រទេសតួកគី។

គួរឱ្យដឹងថា បើតាមច្បាប់របស់ប្រទេសតួកគី សត្វចិញ្ចឹមគឺចាត់ទុកជាចលនវត្ថុ តែទោះជាយ៉ាងណា តាមសេចក្ដីសម្រេចនាពេលថ្មីៗនេះ ក្រោមច្បាប់ស្ដីពីការការពារសត្វលេខ ៥១៩៩ គឺបានអនុញ្ញាតឱ្យខាងតុលាការអនុម័តកិច្ចព្រមព្រៀងទាក់ទងនឹងការថែទាំ និង ផ្គត់ផ្គង់ខាងលុយកាក់លើសត្វចិញ្ចឹម ក្រោយពេលលែងលះគ្នា៕
