ថ្មីៗនេះ មានរឿងរ៉ាវមួយដ៏គួរឱ្យរំជួលចិត្ត បានកើតឡើងនៅឯប្រទេសបារាំង ដែលមានបុរសចំណាស់វ័យ ៦០ ឆ្នាំ ចូលទៅលួចអីវ៉ាន់គេ ដើម្បីឱ្យប៉ូលិសចាប់ ព្រោះតែអាណិតចៅប្រុសដែលកំពុងតែជាប់គុកពេក ចង់ទៅនៅជាមួយចៅ។
តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍បានកើតឡើងនៅក្រុង Saint-Rose ។ នៅថ្ងៃកើតហេតុ បុរសចំណាស់នេះបានចូលទៅក្នុងផ្សារទំនើបមួយកន្លែងក្បែរប៉ុស្តិ៍ប៉ូលិស ដោយបិទមុខជិត ព្រមទាំងមានកាន់កាំភ្លើងនៅដៃ។ បុរសនេះបានគំរាមឱ្យបុគ្គលិកក្នុងផ្សារប្រមូលលុយឱ្យខ្លួនទាំងអស់ រួចក៏ដើរចេញមកវិញមួយៗ ដោយមិនរត់គេចអ្វីឡើយ ហើយចុងក្រោយក៏ត្រូវបានប៉ូលិសចាប់ខ្លួន។
អ្វីដែលគួរឱ្យភា្ញក់ផ្អើលនោះ បុរសចំណាស់នេះបានសារភាពថា ខ្លួនមិនចង់បានលុយនោះទេ តែគ្រាន់តែចង់ឱ្យប៉ូលិសចាប់ទៅដាក់គុកជាមួយចៅប្រុសប៉ុណ្ណោះ ព្រោះតែអាណិតចៅដែលជាប់គុកម្នាក់ឯង ហើយត្រូវអ្នកទោសដូចគ្នាធ្វើបាបទាល់តែបាក់ធ្មេញ។
ដោយឡែក ចុងក្រោយតុលាការបានចោទប្រកាន់បុរសនេះពីបទប្លន់ដោយប្រើប្រាស់អាវុធ និងធ្វើបាបរាងកាយអ្នកដទៃ តែមិនបានដាក់ទោសឱ្យជាប់គុកឡើយ ព្រោះប្រព្រឹត្តទៅដោយចេតនាអស់សង្ឃឹម។ បុរសនេះត្រូវបានតុលាការដាក់ទោសសងសំណងទៅដល់ជនរងគ្រោះដែលពាក់ព័ន្ធ និងត្រូវទៅព្យាបាលជំងឺផ្លូវចិត្ត និងហាមមិនឱ្យទៅកន្លែងលក់ដូរតទៅទៀត ប៉ុន្តែអាចទៅលេងចៅប្រុសនៅក្នុងគុកបានជាធម្មតា៕