ថ្មីៗនេះ មានករណីរបស់ក្មេងស្រីម្នាក់អាយុ ៣ ឆ្នាំនៅប្រទេសថៃ ដែលមានឈាមច្រមុះ ៤ ថ្ងៃជាប់គ្នាមិនបាត់ ដល់ទៅពេទ្យពិនិត្យ ស្រាប់តែឃើញមានឈ្លើងកំពុងទាមក្នុងនោះ។

តាមព័ត៌មានបានឱ្យដឹងថា ករណីខាងលើបានកើតនៅខេត្តឈៀងម៉ៃ ដោយក្មេងស្រីរូបនេះមានឈាមហូរចេញពីច្រមុះខាងស្តាំ អស់រយៈពេលចំនួន ៤ ថ្ងៃ ក្រោយពីនាងបានទៅលេងទឹកនៅអូរមួយកន្លែង។ លុះដល់ថ្ងៃទី ៥ ខែមេសា នាងក៏ត្រូវបានគ្រួសារនាំទៅមន្ទីរពេទ្យ ព្រោះតែអាការៈកាន់តែគួរឱ្យបារម្ភ ហើយគ្រូពេទ្យក៏បានឆ្លុះពិនិត្យច្រមុះនាងមើល ក៏ស្រាប់តែមានសត្វឈ្លើងមួយក្បាលនៅក្នុងនោះ ដែលនេះគឺជាមូលហេតុនៃការឈាមច្រមុះមិនបាត់របស់នាង។

យ៉ាងណាមិញ គ្រូពេទ្យបានប្រើគ្រឿងម៉ាស៊ីនពេទ្យដើម្បីបូមយកសត្វឈ្លើងនោះចេញមកហើយ ចំណែកក្មេងក៏លែងមានឈាមច្រមុះទៀតដែរ គ្រូពេទ្យក៏បានឱ្យថ្នាំសម្លាប់មេរោគ និង អនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ៕
ប្រភព៖ Kapook