បើកាលណាគេនិយាយពី ញញួរមាស អ្នកប្រើប្រាស់បណ្ដាញសង្គម ច្បាស់ជានឹកទៅដល់ «ញញួរប្រជាពលរដ្ឋ» របស់លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យមុនគេ ដែលលោកជាអភិបាលរងដ៏សកម្ម តែងនាំក្រុមការងារមូលជើងខោចុះជួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទាំងពេលមានការជន់លិចក្នុងតំបន់ ពិសេសគឺយុទ្ធសាស្ត្រ «ញញួរប្រជាពលរដ្ឋ» របស់លោក ដែលតែងតែចុះណែនាំ និង វាយចោលនូវសំណង់ទាំងឡាយណាដែលរំលោភបំពានលើប្រយោជន៍សាធារណៈ និង បង្ករហានិភ័យដល់ប្រជាពលរដ្ឋ រហូតទទួលបានការគាំទ្រយ៉ាងខ្លាំង។

ថ្មីៗនេះផងដែរ លោកអភិបាលរងខណ្ឌដ៏គំរូរូបនេះ បានបង្ហាញអារម្មណ៍មិនសប្បាយចិត្តនៅពេលចុះតាមមូលដ្ឋាន ហើយបានឃើញផ្ទាំងផ្សព្វផ្សាយរបស់ហាងចិនមួយចំនួនមានសរសេរអក្សរចិន និង បានយកអក្សរជាតិខ្មែរមកលេងសើច ដោយដាក់អក្សរខ្មែរអានបញ្ឈរខុសទម្រង់មិនត្រឹមត្រូវនោះឡើយ។
លោកអភិបាលរងខណ្ឌ បានមានប្រសាសន៍ថា ៖ «អក្សរខ្មែរយើងអត់ដល់ថ្នាក់ហ្នឹងទេ ខ្ញុំឃើញស្លុតណាស់ មិនគួរណាអក្សរជាតិយើងដល់ថ្នាក់ទេ និយាយថ្ងៃនេះនិយាយចង់ទឹកភ្នែក មិនគួរណាអក្សរជាតិយើងគេយកមកលេងសើចគ្រប់កន្លែងអ៊ីចឹងទេ។ សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសប្អូនៗអ្នកកាន់កុំព្យូទ័រ ដែលធ្វើឌីស្សាញអាហ្នឹងឱ្យជនជាតិបរទេស កុំដាក់អ៊ីចឹង»។

លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានបន្តទៀតថា ៖ «អក្សរខ្មែរយើង សរសេរពីឆ្វេងទៅស្ដាំចុះមក អត់មានសរសេរអ៊ីចឹងទេ ដែលនេះគេហៅថាជាន់ឈ្លី វប្បធម៌រលត់ជាតិរលាយ កុំឱ្យអក្សរជាតិយើងដល់ថ្នាក់ហ្នឹងពេក យើងគិតមើលទៅ»៕
