មកដល់ពេលនេះ បងប្អូនមហាជន និង សប្បុរសជនកម្ពុជាកំពុងបន្តចូលរួមជួយឧបត្តម្ភជាគ្រឿងសម្ភារៈ ថវិការជូនដល់បងប្អូនកងទ័ពជួរមុខ និង វីរកងទ័ពពលី ព្រមទាំងបងប្អូនគ្រួសារភៀសសឹក តាមរយៈអ្នកសិល្បៈ និង បុគ្គលល្បីៗដែលផ្ដើមធ្វើមូលនិធិបន្តបន្ទាប់។
ក្រឡេកមើលហ្វេសប៊ុករបស់អ្នកផ្ដើមមូលនិធិ PeyPey Dy វិញ ពេលនេះលោកក៏បានបង្ហាញនូវថវិកាសរុបដែលទទួលបានពីបងប្អូនសប្បុរសជនកម្ពុជាចំនួនប្រមាណជាង ៩០ ម៉ឺនដុល្លារ ដោយគិតត្រឹមថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅនេះ លោកបានចំណាយអស់ជាង ៣៥ ម៉ឺនដុល្លារក្នុងការចាត់ចែងរៀបចំស្បៀងសម្ភារៈ និង ថវិកាជូនកងទ័ពជួរមុខ និង ជនភៀសសឹក។
ក្នុងនោះ លោក Peypey Dy ក៏បានបញ្ជាក់ថាលោកនឹងរៀបចំសម្ភារៈ និង ថវិកា បន្តដំណើរចុះជួបគ្រួសារសពវីរកងទ័ពពលីបន្តទៀត ដោយអះអាងថានឹងប្រើប្រាស់ថវិកាដែលបានមកពីបងប្អូនសប្បុរសជន ឱ្យមានប្រយោជន៍បំផុត មិនឱ្យបាត់មួយសេនឡើយ។
សារនោះ លោក Peypey Dy បានបង្ហោះរៀបរាប់ថា ៖ «ទឹកប្រាក់ទាំងអស់នេះ ខ្ញុំបានចាត់ចែងរៀបចំ ស្បៀង សម្ភារៈប្រើប្រាស់ និង ថវិកាជូនកងទ័ព ជនភៀសសឹក ដោយចំណាយអស់ 359789.30 USD ត្រឹមថ្ងៃទី 30.07.2025 សូមជម្រាបថា ដំណើរនៅមិនទាន់បញ្ចប់ទេ ខ្ញុំនឹងបន្តទៅជួបគ្រួសារសពពលី និង ប្រើប្រាសថវិកាឱ្យមានប្រយោជន៍បំផុត ដោយមិនឱ្យបាត់មួយកាក់សេនឡើយ»៕