មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាចែករំលែកបន្តគ្នា និង សម្ដែងក្ដីអាណិតទៅកាន់ម្ចាស់ពិធីមង្គលការ បន្ទាប់ពីមានករណីខ្យល់បក់រលំរោងការមួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។
ទាក់ទិនទៅនឹងករណីនេះ តាមរយៈការបង្ហោះពីគណនីដែលមានឈ្មោះ Sar Rotha Post បានបញ្ជាក់ឱ្យបានដឹងថា នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥ នៅចំណុចក្រុងច្បាមន មានភ្លៀងប្រមាណជាង ២ ម៉ោង លាយឡំជាមួយនឹងខ្យល់ បណ្ដាលឱ្យរលំរោងការមួយកន្លែង ដែលស្ថិតនៅជិតវិទ្យាល័យសុខាផល្លី ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ ធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គម នាំគ្នាសម្ដែងក្ដីអាណិតអាសូរទៅដល់ម្ចាស់កម្មពិធី។
សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥ ក្រសួងធនធានទឹក និង ឧតុនិយម ក៏បានជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាសនៅកម្ពុជាផងដែរ ដែលចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែឧសភា តំបន់ខ្ពង់រាប មានខ្យល់បក់មកពីទិសនិរតី និង អាគ្នេយ៍ មានល្បឿនមធ្យម ៣ ម៉ែត្រ/វិនាទី ដែលខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និង តំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និង ខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៣០%៕