(វីដេអូ) ភ័យបុកពោះ! កំពុងជិះជណ្ដើរយន្ត តែដូចមានគេចុចឡើងលើចុះក្រោមមិនចេះឈប់ ចុងក្រោយទៅឈប់នៅជាន់គេបោះបង់ចោល
កាលពីពេលថ្មីៗកន្លងទៅ វីដេអូបង្ហោះមួយក្នុងបណ្ដាញទំនាក់ទំនងសង្គម TikTok បានផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ក្រោយនារីវ័យក្មេងម្នាក់បង្ហោះវីដេអូដ៏រន្ធត់មួយ បង្ហាញឱ្យឃើញថានាងបានជាប់គាំងក្នុងជណ្តើរយន្តប្រអប់មួយ មិនអាចចេញក្រៅបាន ខណៈដែលជណ្ដើរនោះបន្តឡើងចុះ ដោយខ្លួនឯងមិនឈប់។
យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា ម្ចាស់វីដេអូបង្ហោះក្នុងបណ្ដាញទំនាក់ទំនងសង្គម TikTok នោះមានឈ្មោះថា @dreamiiqueen ដោយពេលថ្មីៗនេះនាងបានបង្ហោះវីដេអូមួយ បង្ហាញថានាងបានជាប់គាំងក្នុងជណ្តើរយន្តប្រអប់ដ៏រន្ធត់មួយតែម្នាក់ឯង ប៉ុន្តែស្រាប់តែជណ្ដើរយន្តនោះបន្តឡើងចុះ ដោយខ្លួនឯងមិនឈប់សោះ រហូតដល់ចុងក្រោយវាក៏បានបើកទ្វារនៅជាន់មួយ ដែលគេបោះបង់ចោល ទាំងដែលនាងមិនបានចុចវាសោះ។
ជាមួយគ្នានោះដែរ ក្នុង TikTok ស្រ្តីជាអ្នកបង្ហោះវីដេអូនោះបានរៀបរាប់ឱ្យដឹងដែរថា ៖ «ខ្ញុំបានជិះជណ្ដើរយន្តនោះតែម្នាក់ឯងប៉ុណ្ណោះ ប៉ុន្តែអ្វីដែលគួរឱ្យខ្លាចនោះគឺជណ្ដើរយន្តនោះបានឡើងចុះៗ ដោយខ្លួនឯង ហើយមិនឈប់នៅជាន់ណាមួយទេ ទើបខ្ញុំចុចប៊ូតុងសុំជំនួយពីខាងសន្តិសុខនៅខាងក្រៅ ស្រាប់តែភ្លាមនោះជណ្តើរយន្តនោះបានជាប់គាំង រួចបើកទ្វារឡើងនៅជាន់ទី ៥៨ ដែលជាជាន់គេបោះបង់ចោល គ្មានមនុស្សនៅទេ ធ្វើឱ្យខ្ញុំមានការតក់ស្លុតជាខ្លាំង រហូតយំដោយសំឡេងញ័រ»។
មិនតែប៉ុណ្ណោះ នាងបានរៀបរាប់ទៀតថា នៅពេលដែលជណ្ដើរយន្តនោះបានបើកទ្វារ នាងភ័យណាស់ ហើយមានអារម្មណ៍ថារន្ធត់ នឿយហត់ និង ស្ពឹកពេញខ្លួន រហូតដល់មានបុគ្គលិកមកទទួលនាងចេញពីជណ្ដើរយន្តនោះ ប៉ុន្តែបុគ្គលិកទាំងនោះហាក់ដូចជាឆ្ងល់ថា ហេតុអ្វីបានជានាងអាចឡើងទៅដល់ជាន់ទី ៥៨ នោះបាន បើជាន់នោះត្រូវបានគេបិទទៅហើយ។
យ៉ាងណាមិញ ក្រោយពីវីដេអូនេះត្រូវបានបង្ហោះ វាបានទាក់ទាញអ្នកមើលបានជាង ២.៤ លាននាក់ចូលមើល ហើយអ្នកនិយមលេង TikTok មួយចំនួនក៏បានចូលទៅបញ្ចេញមតិក្នុងវីដេអូនោះថា ឱ្យនារីម្នាក់នោះចាក់ឆ្នោតលេខ ៥៨ ទៅ ដើម្បីសាកល្បងផ្សងសំណាងក្នុងការចាប់ឆ្នោតថ្ងៃទី ១៦ ខែតុលាខាងមុខនេះ៕ សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ
ប្រភព ៖ Sanook