ថ្មីៗកន្លងទៅ មហាជនអ្នកគាំទ្រលើបណ្ដាញសង្គម ក៏ដូចជាមិត្តអ្នកសិល្បៈ បានផ្ទុះចាប់អារម្មណ៍ និង អបអរខ្លាំង ក្រោយឃើញតារាសម្ដែងស្រីរៀមច្បង អ្នកនាង ស្វែង សុជាតា បានបើកបង្ហាញចំណងស្នេហ៍ថ្មីជាមួយបុរសរូបសង្ហាម្នាក់ និង ត្រៀមដឹកដៃគ្នារៀបការសាងគ្រួសារឆាប់ៗ។
ក្រោយបើកបង្ហាញចំណងស្នេហ៍ និង ប្រកាសត្រៀមរៀបការ ក៏បានឃើញអ្នកនាង ស្វែង សុជាតា និង គូស្នេហ៍ថ្មីរូបសង្ហា បានកាន់ដៃគ្នាទៅថតឈុតរៀបការយ៉ាងស្រស់ស្អាតផ្អែមល្ហែមនៅលើទឹកដីអង្គរ ត្រៀមសម្រាប់ថ្ងៃពិសេសទៀតផង។
ដោយឡែក ស្របពេលផ្ទុះការចែករំលែកអបអរពីចំណងស្នេហ៍របស់អ្នកនាង ស្វែង សុជាតា ពាសពេញបណ្ដាញសង្គមហ្វេសប៊ុកហើយនោះ ក្រៅពីបង្ហាញការអបអរដល់គូស្នេហ៍អ្នកទាំងពីរ ក៏ឃើញមានអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈមួយចំនួន កំពុងចាប់អារម្មណ៍លើមុខមាត់ដ៏ស្រស់សង្ហារបស់ស្វាមីអ្នកនាង ស្វែង សុជាតា ហាក់ស្រដៀងនឹងលោក ខ្យង ស្វាមីរបស់អ្នកនាង កាតុ ដែលអ្នកខ្លះថាមើលសឹងតែច្រឡំទៀតផង។
ក្នុងនោះដែរ ងាកមើលហ្វេសប៊ុករបស់ នាយ ព្រែក ក៏បានឃើញលោកចែករំលែករូបភាពរបស់អ្នកនាង ស្វែង សុជាតា និង ស្វាមី ដោយចោទសួរបែបលេងសើចដល់រៀមច្បងស្រីទាំងពីរ គឺអ្នកនាង ស្វែង សុជាតា និង អ្នកនាង កាតុ ឱ្យជួយចេញមកបកស្រាយជុំវិញរឿងនេះផងដែរ។ សារនោះ នាយ ព្រែក បានរៀបរាប់ថា ៖ «ឮថាស្វាមីបងតុ ទៅរៀបការជាមួយបង ស្វែង សុជាតា តើពិតអត់? បងតុ និង បង ស្វែង សុជាតា ជួយបងស្រាយផង!»៕